ក្មេងប្រុសប៉ាឡេស្ទីន ដែលរួចផុតជីវិតពីការបំផ្ទុះគ្រាប់បែកដោយជនជ្រុលនិយមជ្វីហ្វ ដែលសម្លាប់ឪពុកម្តាយ និងប្អូនប្រុសរបស់ខ្លួន ត្រូវបានស្វាគមន៍រាក់ទាក់ដោយតារារបស់ក្លឹបបាល់ទាត់ Real Madrid ក្នុងនោះមាន គ្រីស្ទាណូ រ៉ូណាល់ដូ និងហ្គារ៉េត ប៊ែលផងដែរ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមវេបសាយអេស៊ាវ័នចេញផ្សាយថ្ងៃសុក្រនេះ។
ក្មេងប្រុសឈ្មោះ អាមេត ដាវ៉ាបសេ (Ahmed Dawabsheh) បានជាសះស្បើយពីរបួសរបស់ខ្លួនវិញក្នុងរយៈពេល ៨ ខែកន្លងមកនេះ។
ដោយរំភើបចិត្តចំពោះរូបភាពក្មេងប្រុសរុំបង់របួសពេញខ្លួនពាក់អាវ Real Madrid ប្រជាជនប៉ាឡេស្ទីនបានធ្វើយុទ្ធនាការរាប់ខែនៅលើបណ្តាញសង្គមដើម្បីបញ្ចុះបញ្ចូលក្រុមនេះឱ្យមកជួបអាមេត។
សុបិនរបស់គាត់បានក្លាយជាការពិត ខណៈដែលក្មេងប្រុសម្នាក់នេះបានថតរូប និងទទួលបានអាវ Real ដែលមានប៉ាក់ឈ្មោះក្មេងនេះនិងមានចុះហត្ថលេខាដោយក្រុមតារាល្បីរបស់ Real ក្នុងនោះមានទាំងកីឡាករឆ្នើម ៣ សម័យកាលរបស់ពិភពលោក រ៉ូណាល់ដូ និងប៊ែលផងដែរ។
Real Madrid បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុម Real Madrid បានជួបគាត់ និងថតរូបជាមួយគាត់ ហើយបានប្រគល់អាវដល់គាត់ និងបាល់មួយដែលចុះហត្ថលេខាដោយក្រុមទាំងមូល។ ដោយមើលឃើញក្តីរំភើបយ៉ាងច្បាស់នឹងភ្នែក ក្មេងប្រុសនេះបានរត់ជុំវិញអគារក្លឹប មុនពេលទៅមើលនិមិត្តរូបរបស់ខ្លួនធ្វើការហ្វឹកហាត់"។
បន្ទាប់ពីបានជួបនិមិត្តរូបរបស់ខ្លួនហើយនោះ អាមេតត្រូវបាននាំទៅមើលកីឡដ្ឋាន Santiago Bernabeu មួយឆ្អែតផងដែរ៕
