សង្គ្រាមពាណិជ្ជកម្មថ្មីកំពុងហុយៗ! អាមេរិកដំឡើងពន្ធលើទំនិញរបស់សហភាពអឺរ៉ុបតម្លៃ ៧,៥ ពាន់លានដុល្លារ ដោយសារឈ្លោះគ្នារឿងយន្តហោះ Airbus

សហរដ្ឋអាមេរិកកំពុងប្រថុយបញ្ឆេះសង្រ្គាមពាណិជ្ជកម្មថ្មីមួយទៀតឆ្លងកាត់មហាសមុទ្រអាត្លង់ទិកជាមួយនឹងការសម្រេចចិត្តរបស់ខ្លួនក្នុងការដំឡើងពន្ធលើទំនិញរបស់អឺរ៉ុបតម្លៃ ៧,៥ ពាន់លានដុល្លារជុំវិញជម្លោះដ៏រ៉ាំរ៉ៃជាមួយសហភាពអឺរ៉ុបអំពីការឧបត្ថម្ភធនខុសច្បាប់ដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានអនុញ្ញាតឱ្យអាមេរិកវាយពន្ធសងសឹកកាលពីថ្ងៃពុធ ដែលជាការអនុញ្ញាតមិនធ្លាប់មានពីមុនមកដោយនិយតករពាណិជ្ជកម្មពិភពលោក។

ទោះបីនេះជារឿងស្របច្បាប់ក្តី ក៏ប៉ុន្តែពន្ធរបស់អាមេរិកអាចបង្កឱ្យមានការសងសឹកពីអឺរ៉ុប ដោយធ្វើឱ្យសេដ្ឋកិច្ចពិភពលោកដែលកំពុងយ៉ាប់ស្រាប់ កាន់តែអន់ថយទៅ ស្របពេលសង្គ្រាមពាណិជ្ជកម្មជាមួយចិននៅតែអូសបន្លាយពេល។

លោក Robert Lighthizer តំណាងពាណិជ្ជកម្មអាមេរិក (USTR) បាននិយាយថា ការយកពន្ធអាចចាប់ផ្តើមនៅថ្ងៃទី ១៨ ខែតុលា។

ការវាយពន្ធទាំងនោះរាប់បញ្ចូលពន្ធនាំចូល ១០ ភាគរយលើយន្តហោះស៊ីវិលធំៗពីបារាំងអាល្លឺម៉ង់អេស្ប៉ាញនិងចក្រភពអង់គ្លេស និង ២៥ ភាគរយលើផលិតផលផ្សេងៗដូចជាស្រាវីស្គីអៀរឡង់និងស្កុតឡែន កាហ្វេអាល្លឺម៉ង់ និងឈីសស្វីស។

សេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកបានកើតឡើងក្នុងរយៈពេល ១៥ ឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងដំបូងនៅឆ្នាំ ២០០៤ និងផ្អែកលើការរកឃើញរបស់ខ្លួនក្នុងឆ្នាំ ២០១១ ថាសហភាពអឺរ៉ុបបានឧបត្ថម្ភធនដល់ក្រុមហ៊ុន Airbus ដោយខុសច្បាប់ក្នុងចំនួនទឹកប្រាក់ ១៨ ពាន់លានដុល្លារអំឡុងរយៈពេលបួនទសវត្សរ៍៕ 

adverise with khmeread
tiger
Loading ad ...