adverise with khmeread 1

តើ​រ៉ូ​ណា​ល់​ដូ​កូរ៉េខាងជើង Choe Myong-ho ដែល​នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​មិត្តភាព​ខ្មែរ​-​ឡាវ​ល្ងាច​នេះ​ជា​នរណា​?

​    ​ខ្សែបម្រើ​របស់​កូរ៉េខាងជើង​គឺ​កីឡាករ Choe Myong-ho នឹងមាន​វត្តមាន​ក្នុងការ​ប្រកួត​មិត្តភាព​រវាង​ក្រុម Cambodia All Star និង Laos All Star នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​នា​ល្ងាច​នេះ​។​

​    ​Choe Myong-ho លេង​ល្អ​ខ្លាំងណាស់​ក្នុង​រដូវ​កាល ២០១៦ នេះ​ដោយ​រកបាន ៦ គ្រាប់​ក្នុងជំនួប ៣ ប្រកួត​ចុងក្រោយ​ឱ្យ​ក្រសួងការពារជាតិ​។ បច្ចុប្បន្ន​គាត់​ជា​កំពូល​អ្នក​ស៊ុត​បញ្ចូល​ទី​ដែល​អមដោយ​តារា​របស់​បឹងកេត​អង្គរ​គឺ​កីឡាករ ចាន់ វឌ្ឍនាកា​។​

​    ​Choe ធ្លាប់ជា​កីឡាករ​របស់​កូរ៉េខាងជើង​ដំបូង​គេ​ដែល​ប្រកប​អាជីព​នៅក្រៅ​ស្រុក ដែល​នៅពេលនោះ​គាត់​បាន​ចូលរួម​ក្រុម Krylia Sovetov Samara ក្នុង​ក្របខ័ណ្ឌ Premier League របស់​ប្រទេស​រុស្ស៊ី​ក្នុង​ឆ្នាំ ២០០៦​។​

​    ​បន្ទាប់ពី​ចំណាយពេល​អស់​រយៈពេល​បី​រដូវ​កាល​ជាមួយ​ក្រុម​រុស្ស៊ី​មួយ​នេះ គាត់​បាន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដើម្បី​លេង​ឱ្យ​ក្រុម Pyongyang City SC មុននឹង​ចូលរួម​ជាមួយ​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ​នៅ​ដើមឆ្នាំ​នេះ​។​

​    ​Choe ក៏បាន​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​កូរ៉េខាងជើង និង​ធ្លាប់ជា​សមាជិក​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង​ក្រោម​អាយុ ១៧ ឆ្នាំ ដែល​នៅពេលនោះ​គាត់​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ FIFA U-17 World Championship ២០០៥ និង AFC U-17 Championship ២០០៦​។ គាត់​ក៏បាន​ជាប់​ជា​កីឡាករ​ឆ្នើម AFC Youth ប្រចាំឆ្នាំ ២០០៥ ផងដែរ​។​

​    ​ខ្សែបម្រើ​ដែល​ពោរពេញ​ទៅដោយ​ជំនាញ​រូបនេះ ត្រូវបាន​គេ​ប្រៀបធៀប​ទៅនឹង​វីរៈបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​គឺ​លោក Ronaldo ហើយក៏​បានទទួល​រហ​ស្សនាម​ថា "Ronaldo កូរ៉េខាងជើង​" ទៀតផង​៕

 

adverise with khmeread

មតិយោបល់