adverise with khmeread Unnamed %283%29

ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត ឆេះ​អស់​រថយន្ត​១​គ្រឿង​ម៉ូតូ​១​គ្រឿង​

     ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ យានដ្ឋាន​ជួសជុល រថយន្ត​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​២១០ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក នៅវេលា​ម៉ោង​ប្រមាណ ៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៦​នេះ បាន​រលត់​ទាំងស្រុង​បន្ទាប់ពី​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​៦​គ្រឿង​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។​

     មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹងថា ម្ចាស់​យានដ្ឋាន​ឈ្មោះ យក់ សោភា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ​បាន​ជួល​កា​រ៉ា​ស់​ពាក់កណ្តាល បន្ត​ឲ្យ​ទៅ​ឈ្មោះ ប្រុស បច្ចុប្បន្ន ម្ចាស់​យានដ្ឋាន​ឈ្មោះ ប្រុស​បាន​រត់គេចខ្លួន​។​

      សម្ភារៈ​ខូចខាត​រួមមាន​៖-​រថយន្ត​០១​គ្រឿង ម៉ាក​Camry  Hybrid  សេរី​២០០៧ ពណ៍​ខ្មៅ​(​យកមក​ជួសជុល​)​និង ម៉ូតូ​០១​គ្រឿង​ម៉ាក​C125 សេរី​២០០៦​ពណ៍​ខ្មៅ ។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ពី​មូល​ហេតុថា​មកពី​ជាង​ជួសជុល​រថយន្ត​ផ្សារ​អេ​ឡិច​ត្រិ​ច បណ្តាល​ឲ្យ​ខ្ទាត​ផ្កាភ្លើង​ត្រូវ​ធុង​ដាក់​ប្រេងសាំង​នៅក្បែរនោះ​ធ្វើ​ឲ្យ​ឆាបឆេះ​តែម្តង​។​

​      អគ្គីភ័យ​ខាងលើ​ត្រូវបាន​ពន្លត់​ទាំងស្រុង​នៅ​ម៉ោង​៣​និង​៤៥​នាទី​ថ្ងៃ​ដដែល ដោយ​ប្រើ​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក និង​ខាង​ស្នងការ សរុប​ចំនួន​៦​គ្រឿង បាញ់​អស់​ទឹក​៤​គ្រឿង​។ គ្រោះ​អគ្គិភ័យ​នេះ​មិន​ធ្វើ​ឲ្យ​រងគ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ ណា​ម្នា​ក់ណា​នោះឡើយ ៕

 

adverise with khmeread

មតិយោបល់