រថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រស្លាប់ម្នាក់, របួសធ្ងន់ម្នាក់

ភ្នំពេញ​ ៖ បុរសម្នាក់បើករថយន្តកុងតឺន័របុកម៉ូតូពីក្រោយអូសជាង១០០ម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរង របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។

គ្រោះថ្នាក់ខាងលើនេះកើតឡើងនៅវេលា ម៉ោង០៩និង៤០នាទីយប់ថ្ងៃអង្គារ ទី០៨ ខែតុលាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះឈ្មោះ វង្ស ពៅ អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅ ភូមិត្រពាំងរុណ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកុងតឺន័រពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3E-9015 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជ្រុលចង្កូតទៅបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក អ៊ិចស៊ិនទ័រ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HI-5293 ជិះគ្នាពីរនាក់ ធ្វើដំណើរស្របទិសគ្នា ពេញទំហឹងកៀបជាប់ម៉ូតូនៅក្រោមកង់រថយន្តអូសជាង១០០ម៉ែត្រ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ រីឯម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ចំណែកឯតៃកុងឡាន បានរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏ដូចជាសមត្ថកិច្ចជំនាញចរាចរណ៍បានចុះដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយក រថយន្តបង្កនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ និងធ្វើកំណត់ហេតុរួចប្រគល់សពឱ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread
tiger
Loading ad ...