បវរកញ្ញារុស្ស៊ី អតីតប្រពន្ធរបស់អតីតស្តេចម៉ាឡេស៊ី ថា នាងបង្ខំចិត្តលក់ចិញ្ចៀនរៀបការទាបជាងតម្លៃដើម៣ដងដើម្បីបង់ថ្លៃពេទ្យពេលជិតសម្រាលកូន

រាជនីសម្រស់រុស្ស៊ីនាង Oksana Voevodina បានអះអាងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអង់គ្លេស Daily Mail ថា នាងត្រូវយកចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងទៅបញ្ចាំដើម្បីបង់ថ្លៃពេទ្យ បន្ទាប់ពីអតីតស្វាមីរបស់នាងគឺស្តេចស៊ុលតង់មូហាម៉ាត់ទី៥នៃរដ្ឋកេឡាន់តាន់ចាកចោលនាង នៅពេលនាងមានផ្ទៃពោះ។

នាង Voevodina  ដែលមានឈ្មោះក្រៅថា Rihana Oksana Petra បាននិយាយថា នាងបានលក់ចិញ្ចៀន Jacob Arabo តម្លៃ ២៥ម៉ឺនដុល្លារអាម៉េរិក ក្នុងតម្លៃទាបជាងតម្លៃដើមរបស់វា ៣ ដង ពីព្រោះនាងត្រូវការប្រាក់យ៉ាងខ្លាំងនៅគ្រាដ៏លំបាកពេលជិតសម្រាលកូន។

អតីតបវរកញ្ញាក្រុងមូស្គូរូបនេះបាននិយាយថា នាងបានយកចិញ្ចៀននេះទៅបញ្ចាំ ពេលជិតប្រសូតកូនប្រុសឈ្មោះ Ismail Leon ខណៈនាងបានខ្ចីលុយគេដើម្បីបង់ថ្លៃមន្ទីរពេទ្យនៅស្វីសអស់រយៈពេល ២ ខែ។ ទារកនេះបានកើតនៅថ្ងៃទី ២១ ខែឧសភា។

នាងបានប្រាប់ Daily Mail ថា "ខ្ញុំសូមមិនប្រាប់ពីតម្លៃចិញ្ចៀនដែលខ្ញុំលក់ទេ ប៉ុន្តែវាទាបជាងថ្លៃដើម ៣ ដង"។ នាងនិយាយទៀតថា "ខ្ញុំបានប្រើប្រាក់នេះដើម្បីចំណាយលើថ្លៃព្យាបាលនៅប្រទេសស្វីសព្រោះខ្ញុំប្រឈមមុខនឹងការបាត់បង់កូន"។

ពិធីរៀបអាពាហ៍ពិពាហ៍របស់បវរកញ្ញាអាយុ ២៧ រូបនេះជាមួយអតីតស្តេចម៉ាឡេស៊ីនិងក្រោយមកបានលែងលះវិញ បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅឆ្នាំនេះ។

អ្នកទាំងពីរត្រូវបានគេនិយាយថារៀបការនៅថ្ងៃទី ៧ ខែមិថុនាឆ្នាំមុន នៅពេលព្រះចៅស៊ុលតង់មូហាម៉ាត់ទី៥កំពុងនៅជាស្តេចម៉ាឡេស៊ី ប៉ុន្តែនៅប៉ុន្មានខែក្រោយទើបវីដេអូឃ្លីបនៃពិធីរៀបការរបស់ពួកគេបានល្បីជាអន្តរជាតិ។

ព័ត៌មានអំពីការបញ្ចប់អាពាហ៍ពិពាហ៍បានលេចឡើងកាលពីខែកក្កដា ដោយមេធាវីរបស់អតីតស្តេចនេះនៅប្រទេសសិង្ហបុរីបានបញ្ជាក់ប្រាប់កាសែត The Straits Times ថាការលែងលះត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីថ្ងៃទី ២២ ខែមិថុនាស្របតាមច្បាប់សារៀ។

មេធាវីរបស់ស្តេចស៊ុលតង់នេះក៏ធ្លាប់បាននិយាយដែរថា "មិនទាន់មានភស្តុតាងជាក់លាក់ណាមួយទាក់ទងនឹងឪពុកបង្កើតរបស់កូននេះនៅឡើយទេ"៕

adverise with khmeread
tiger
Loading ad ...