តួកគីវាយលុកចូលស៊ីរី បន្ទាប់ពីទ័ពអាមេរិកដកចេញបានប៉ុន្មានថ្ងៃ

យន្តហោះចម្បាំងតួកគីបានទម្លាក់គ្រាប់បែកនៅផ្នែកខ្លះនៃភាគឦសាននៃប្រទេសស៊ីរីនៅពេលចាប់ផ្តើមការវាយលុក ដែលអាចនាំឱ្យមានជម្លោះជាមួយសម្ព័ន្ធមិត្តរបស់អាមេរិកគឺពួកឃឺដ។ នេះយោងតាម BBC សរសេរកាលពីថ្ងៃពុធទី៩តុលា។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថាប្រតិបត្តិការនេះគឺដើម្បីបង្កើត "តំបន់សុវត្ថិភាព" ដោយបោសសម្អាតឱ្យអស់នូវកងជីវពលឃឺដ។

យោងតាមកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ (SDF) តំបន់ជនស៊ីវិលបានរងការវាយប្រហារពីយន្តហោះតួកគី។ កងកម្លាំងជើងគោកតួកគីក៏កំពុងប្រមូលផ្តុំពេញតាមព្រំដែនផងដែរ។

ការវាយលុកនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំបានដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរីភាគខាងជើងប្រកបដោយភាពចម្រូងចម្រាស ពោលគឺជាការសម្រេចចិត្តមួយប្រកាសឡើងបន្ទាប់ពីការតេទូរស័ព្ទជាមួយលោក Erdogan ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស។

ពួកឃឺដដែលជាសម្ព័ន្ធមិត្តសំខាន់របស់អាមេរិកក្នុងការកម្ចាត់ក្រុមជីហាដរដ្ឋអ៊ីស្លាម (IS) នៅស៊ីរី បានកំពុងឃ្លាំងមើលនិងឃុំគ្រងលើពួកយុទ្ធជន IS រាប់ពាន់នាក់និងសាច់ញាតិរបស់ពួកគេនៅក្នុងពន្ធនាគារនិងជំរំនានានៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ហើយគេមិនទាន់ច្បាស់ទេថាតើពួកគេនឹងត្រូវបន្តឃុំខ្លួនដោយសុវត្ថិភាពឬយ៉ាងណានោះទេ៕

 

adverise with khmeread
tiger
Loading ad ...