ផ្ទុះកំប៉ុងហ្គាស់មួយស្បោងឆេះទូកនេសាទមួយគ្រឿងនៅកណ្តាលសមុទ្រក្បែរស្ពានកោះពស់

ព្រះសីហនុ ៖ កម្លាំងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវទឹកខេត្តបានជួយធ្វើអន្តរាគមន៍ជួយ​​ទូក​នេសាទ​មួយ​គ្រឿង​បាន​ឆេះ​នៅលើផ្ទៃសមុទ្រចំណុច​ឃ្លង​កោះពស់​ ខេត្ត​ព្រះសីហនុ​ នៅរសៀល​ម៉ោង​១និង៣០នាទី​ ថ្ងៃ​ទី​៩​ ខែ​តុលា​ឆ្នាំ​២០១៩។

 ក្រោយពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ កម្លាំងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវទឹកបាន​ដឹក​នាំ​កម្លាំង​ចេញ​ទៅ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជាបន្ទាន់​ ដោយ​មាន​ការ​ជួយ​ផ្តល់​មធ្យោបាយ​អូ​រប័រ ពីរ​គ្រឿង​​ និង​មាន​ការ​ចូល​រួម​ពី​ប្រជា​នេសាទ​ផង​ដែរ។

ប៉ូលិសបន្តថា ទូកដែលឆេះជាប្រភេទទូកនេសាទក្តារ​៨គូ ពណ៌ខៀវ ទទឹង២.៥ម៉ែត្រ បណ្តោយប្រវែង១២ម៉ែត្រ​ នៅលើទូកមាន ម៉ាស៊ីនចំនួន​២គ្រឿងម៉ាកអ៉ីស្គី និងម៉ាកហុងដា មានមនុស្ស​៣នាក់នៅលើទូក​រួមមាន ១.ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ខេត្តកំពត ជាម្ចាស់ទូក,២.ឈ្មោះហៀក បឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ​កម្មករ​នេសាទនិង៣.ឈ្មោះស៊ុន ផាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ​កម្មករ​នេសាទ ។

យោងតាមចម្លើយរបស់ម្ចាស់ទូក មូលហេតុដែលបណ្តាលឱ្យឆេះ​ មកពីផ្ទុះកំប៉ុងហ្គាស​ដែល​ទុក​នៅ​ក្បែរ​ម៉ាស៊ីន​ ពេល​ដែល​ទូក​រត់​ក្តៅ​ម៉ាស៊ីន​ កំប៉ុង​ហ្គាស​មួយ​ស្បោង​ដែល​នៅ​ក្បែរ​នោះ​ បាន​ផ្ទុះ​ឡើង​ ហើយ​ឆេះ​ប៊ីដុងសាំង​។ 

សម្ភារៈនេសាទ​នៅលើទូកខូចខាតទាំងស្រុង តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ដោយសារតែនៅពេលកើតហេតុមានទូកនេសាទនៅក្បែរនោះ និងអូប័រ ចំនួន២គ្រឿងចុះជួយអន្តរាគមន៍ទាន់ពេលវេលា ៕

adverise with khmeread
tiger
Loading ad ...