ស្ត្រីបច្ចុប្បន្ននិយមចង់បានចិញ្ចើមក្រាស់ ដោយហេតុថាវានឹងជួយលើកសម្រស់ពួកគេកាន់តែស្អាតមួយកម្រិតទៀត។ ស្ត្រីមួយចំនួនបានធ្វើឱ្យចិញ្ចើមខ្លួនឯងប្រែជាស្តើងដោយប្រការមួយចំនួន ដូចជា ដករោមចិញ្ចើមដើម្បីតម្រឹមឱ្យស្អាត ឬកោរ។ ជួនកាលរោមចិញ្ចើមស្តើងកើតឡើងដោយសារតែវ័យកាន់តែច្រើន កង្វះសារធាតុចិញ្ចឹម លាបគ្រឿងសម្អាងខុសរបៀប ឬបញ្ហាសុខភាពផ្សេងទៀតដូចជាជំងឺស្បែក និងជំងឺទំពែកជាដើម។
ប្រសិនបើលោកអ្នកមានចិញ្ចើមស្តើង លោកអ្នកនឹងលែងបារម្ភតទៅទៀតជាមួយនឹងវិធីធម្មជាតិខាងក្រោមនេះ។
* ប្រេងដូង
ដើម្បីទទួលបានចិញ្ចើមក្រាស់មកវិញ លោកអ្នកអាចប្រើប្រេងដូង។ ប្រេងដូងសម្បូរសារធាតុប្រូតេអ៊ីនច្រើន និងសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន E និងជាតិដែកជាដើម ដែលវាល្អសម្រាប់ជំរុញសុខភាពរោមភ្នែក និងជួយរោមភ្នែកឱ្យដុះក្រាស់ល្អ។ ហើយវាថែមទាំងជួយឱ្យរោមចិញ្ចើមខ្មៅក្រិបទៀតផង។
១. ដាក់ប្រេងដូងរំងាស់ហើយក្តៅឧណ្ហៗបីបួនដំណក់លើម្រាមដៃ ហើយយកទៅលាបពីលើរោមចិញ្ចើម។
២. ម៉ាស្សាវាថ្នមៗរយៈពេលបីបួននាទីដើម្បីជំរុញលំហូរឈាមនៅតំបន់ចិញ្ចើម។
៣. ទុកវាចោលមួយយប់។
៤. ក្រោកព្រឹកឡើង លាងវាជាមួយទឹកក្តៅឧណ្ហៗ។
៥. ធ្វើបែបនេះរាល់ថ្ងៃ ក្នុងរយៈពេល ១ ខែ ទៅ ២ខែ នោះលោកអ្នកនឹងសម្គាល់ឃើញរោមចិញ្ចើមដុះឡើងវិញយ៉ាងក្រាស់ និងខ្មៅរលោងស្អាតជាក់ជាមិនខាន៕
