គេងមិនគ្រប់គ្រាន់រាល់យប់ ផ្តល់ផលអាក្រក់គួរឱ្យព្រឺព្រួចចំនួន ៦ ដល់សុខភាព

ការគេងគឺសំខាន់ណាស់សម្រាប់សុខភាពជារួមនិងកាយសម្បទា ពីព្រោះនៅពេលគេង រាងកាយរបស់យើងជួសជុលនិងស្តារខ្លួនវាឡើងវិញ។ ហេតុដូច្នេះហើយ ប្រសិនបើលោកអ្នកគេងមិនគ្រប់គ្រាន់រាល់យប់ វានឹងជះផលប៉ះពាល់មិនល្អ ៦ យ៉ាងដល់លោកអ្នក។ 

១. ខួរក្បាលរបស់អ្នកពុំមានពេលវេលាស្តារថាមពលឡើងវិញ ៖ មិនមែនមានតែទូរស័ព្ទរបស់អ្នកទេដែលចេះសាកថ្ម ខួរក្បាលក៏ចេះសាកថ្មដែរ។ ការគេងលក់ស្រួលជួយឱ្យខួរក្បាលត្រៀមខ្លួនបានល្អសម្រាប់ថ្ងៃស្អែក ដោយផ្គុំចូលនូវផ្លូវសរសៃប្រសាទថ្មីៗជាច្រើនចូលគ្នា ដែលជួយលោកអ្នករៀនសូត្រឆាប់ចាប់បាន។ ការគេងលក់ស្រួលក៏ជួយលោកអ្នកគិតបានឈ្លាសវៃ ដោះស្រាយបញ្ហាងាយស្រួល និងគិតពោរពេញដោយវិចារណញ្ញាណ។ 

២. អារម្មណ៍និងផ្លូវចិត្តរងផលប៉ះពាល់យ៉ាងដំណំ ៖ អ្នកមិនចាំបាច់សិក្សស្រាវជ្រាវច្រើនទេដើម្បីដឹងថាការគេងមិនឆ្អែតបង្កឱ្យមនុស្សមានអារម្មណ៍ឆេវឆាវ និងឆាប់ខឹង។ មិនត្រឹមប៉ុនហ្នឹងទេ ការគេងមិនលក់រាល់យប់ក៏ជាមូលហេតុនាំឱ្យមនុស្សដាច់ចិត្តសម្លាប់ខ្លួនផងដែរ ដោយសារស្ត្រេសផងនិងការផ្ចង់អារម្មណ៍មិនបានល្អផង។  

៣. សុខភាពរាងកាយទ្រុឌទ្រោម ៖ ការគេងសំខាន់ណាស់ក្នុងការជួយស្តារកម្លាំងកាយរបស់យើង។ ការគេងលក់ស្រួលជួយរាងកាយជួសជុលជាលិកា សរសៃឈាម និងសាច់ដុំដែលខូច។ ការគេងមិនលក់រាល់យប់នឹងធ្វើឱ្យលោកអ្នកកើតជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺក្រលៀន ជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺបេះដូង។ 

៤. ផលិតភាពការងារធ្លាក់ចុះ ៖ ការគេងមិនលក់ត្រូវបានបង្ហាញមកថា ធ្វើឱ្យផលិតភាពនៅកន្លែងធ្វើការធ្លាក់ចុះ។ នៅពេលបុគ្គលិកគេងមិនលក់ ពួកគេមានទំនោរងងុយគេងពេលកំពុងធ្វើការ។ ពួកគេគ្មានអារម្មណ៍ឬទឹកចិត្តធ្វើការ មិនចង់ស្តាប់ការណែនាំអ្វីទាំងអស់ និង លែងចង់ស្តាប់សូម្បីបទបញ្ជារបស់ចៅហ្វាយ។

៥. តុល្យភាពអ័រម៉ូនត្រូវបានរំខាន ៖ នៅពេលអ្នកគេងលក់ រាងកាយរបស់យើងបញ្ចេញអ័រម៉ូនសម្ងាត់ដើម្បីជួយសម្រួលឡើងវិញដល់ចំណង់អាហារ ការរំលាយអាហារ​និងជំរុញកម្រិតថាមពល។ ដូច្នេះនៅពេលអ្នកគេងមិនលក់ តុល្យភាពអ័រម៉ូននឹងត្រូវរំខាន។ អ័រម៉ូនដែលរងការរំខានខ្លាំងជាងគេគឺអ័រម៉ូនស្ត្រេស អាំងស៊ុយលីន និងអ័រម៉ូន Ghrelin (ដែលធ្វើឱ្យមនុស្សកាន់តែឃ្លាន)។ 

៦. សុវត្ថិភាពបើកបរទាក់ទិនខ្លាំងទៅនឹងការគេង ៖ គេងមិនលក់មិនត្រឹមប៉ះពាល់សុខភាពទេ តែអាចនាំទៅរកឥរិយាបថគ្រោះថ្នាក់ទៀតផង ដូចជាគេងលក់ពេលកំពុងបើកបរ ឬ ងុយដេកខ្លាំងទាំងថ្ងៃ។ ក្រសួងសាធារណការអាមេរិកព្យាករណ៍ថា មនុស្ស ៤ ម៉ឺននាក់រងរបួស និង ១.៥៥០ ស្លាប់ដោយសារបើកបរទាំងងងុយដេក៕  

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab