ស្ត្រីកូន២យកខ្សែកមាសមកលក់ ត្រូវបុគ្គលិកហាងបដិសេធ ប៉ុន្តែធ្វើរឿងមិនគួរឱ្យជឿចំពោះគាត់ជំនួសវិញ

អ្នកលក់គ្រឿងអលង្កាមួយរូបនៅរដ្ឋតិចសាសខាងជើង បានបដិសេធទិញយកខ្សែកមាសដ៏មានតម្លៃមួយខ្សែពីម្តាយធ្លាក់ខ្លួនដុនដាបមួយរូប ហើយជំនួសមកវិញគាត់ថែមទាំងបានផ្តល់លុយចេញពីហោប៉ៅរបស់គាត់ទៅឱ្យស្រ្តីរូបនោះទៀតផង។

បុរសចិត្តបុណ្យរូបនេះមានឈ្មោះ Noah ដែលគាត់បានបដិសេធមិនផ្តល់នាមត្រកូលរបស់ខ្លួនទៅអ្នកកាសែតនោះ គឺកំពុងបម្រើការងារនៅឯហាងលក់គ្រឿងអលង្ការមួយកន្លែង ពេលដែលស្រ្តីតិចសាសមួយរូបនោះចូលទៅក្នុងហាង និងព្យាយាមលក់គ្រឿងអលង្ការរបស់គាត់។

ម្តាយកូនពីររូបនេះបានប្រាប់ទៅគាត់ថា គាត់ដាច់លុយហើយចង់លក់គ្រឿងអលង្ការដែលគាត់បញ្ជាក់ថាជាកាដូរបស់ម្តាយរបស់គាត់មានតម្លៃនេះ ដើម្បីដោះស្រាយជីវភាពរបស់ខ្លួន។ Noah បានរំជួលចិត្តចំពោះរឿងរ៉ាវរបស់ស្ត្រីរូបនេះដែលគាត់បានសម្រេចចិត្តធ្វើអន្តរាគមន៍។ គាត់បានបដិសេធទិញអលង្ការមួយខ្សែនេះ។ ជំនួសមកវិញគាត់បានលូកលុយចេញពីហោប៉ៅរបស់គាត់ និងផ្តល់ប្រាក់មួយចំនួនទៅម្តាយទាល់ច្រករូបនេះដើម្បីដោះទាល់មួយគ្រា។

លោក Noah បាននិយាយថា "ខ្ញុំអនុញ្ញាតឱ្យគាត់ប្រាប់ខ្ញុំពីលុយប៉ុន្មានដែលគាត់ត្រូវការក្នុងការលក់វា ហើយខ្ញុំបានផ្តល់ឱ្យគាត់នូវប្រាក់ដែលគាត់ចង់បាន"។ គាត់បានបន្ថែមថា ម្តាយរូបនោះហាក់មានភាពក្រៀមក្រំខ្លាំង ហើយមាន "ទឹកភ្នែករលីងរលោងនៅក្នុងភ្នែករបស់គាត់"។

ទិដ្ឋភាពដ៏គួរឱ្យរំជួលអារម្មណ៍មួយនេះត្រូវបានចាប់ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព។

លោក Noah បាននិយាយថា "ខ្ញុំមិនបានគិតអំពីវាទេ ខ្ញុំគ្រាន់តែក្តាប់លុយ។ ខ្ញុំបានក្តាប់លុយទាំងនោះ ហើយហុចវាឱ្យទៅគាត់"។

ម្តាយរូបនោះទទួលបានភាពភ្ញាក់ផ្អើលជាខ្លាំង ដោយសម្រក់ទឹកភ្នែកចំពោះសកម្មភាពសប្បុរសរបស់គាត់ ដោយត្រូវបានបញ្ជាក់ឱ្យឃើញនៅក្នុងកាមេរ៉ាសុវត្ថិភាពក្នុងហាង។

លោក Noah ដែលជាជនភៀសខ្លួនមួយរូបទៅកាន់សហរដ្ឋអាមេរិកដើម្បីគេចចេញពីជម្លោះសង្គ្រាមក្នុងប្រទេសស៊ីរី បាននិយាយថា គាត់បានផ្ញើវីដេអូមួយនេះទៅមិត្តរបស់គាត់ម្នាក់នៅមជ្ឈិមបូព៌ា។ មិត្តរបស់គាត់រូបនោះបានបង្ហោះវីដេអូនេះចូលទៅក្នុងបណ្តាញសង្គម ហើយវាភាពល្បីល្បាញយ៉ាងខ្លាំង។ 

លោក Noah បាននិយាយថា "មិនថាអ្នកកាន់សាសនាអ្វីក៏ដោយ។ មិនថាអ្នកមកពីណាទេ។ នេះគឺជាមនុស្សធម៌របស់យើង។ គ្រប់គ្នាគួរតែធ្វើរឿងទាំងនោះ"។ 

បុរសរូបនេះបាននិយាយថា គាត់មានអារម្មណ៍រីករាយក្នុងការផ្តល់លុយកាក់តិចតួចជាជាងទុកវាសម្រាប់ខ្លួនឯង។ គាត់ថែមទាំងបានស្នើផ្តល់ជំនួយបន្ថែមទៀតផងដែរទៅកាន់ម្តាយរូបនោះ ប្រសិនបើគាត់នៅតែស្ថិតក្នុងបញ្ហា។

យ៉ាងណាមិញរឿងរ៉ាវនេះបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០១៦មកម្ល៉េះ ប៉ុន្តែវានៅតែមានភាពល្បីល្បាញ និងត្រូវបានចែកចាយយ៉ាងសម្បើមនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab