ប៉ូលិសជាច្រើនប្រទេសកំពុងតាមចាប់ស្តេចត្រាញ់គ្រឿងញៀនអាស៊ី ដែលធ្លាប់ចាញ់ល្បែងកាស៊ីណូមួយយប់៦៦លានដុល្លារនិងមានអ្នកប្រដាល់ថៃជាអង្គរក្សការពារ

ស្តេចត្រាញ់គ្រឿងញៀន រហស្សនាម "El Chapo អាស៊ី" គឺជាជនជាតិកាណាដាកើតនៅប្រទេសចិន ដែលធ្លាប់ចាញ់ល្បែងចំនួន ៦៦ លានដុល្លារអាមេរិកក្នុងពេលតែមួយយប់នៅកាស៊ីណូ និងត្រូវបានការពារដោយអ្នកប្រដាល់ថៃ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី១៥តុលា។ 

យោងតាមក្រុមមន្រ្តីអនុវត្តច្បាប់បានឱ្យដឹងថា ស្តេចត្រាញ់គ្រឿងញៀនឈ្មោះពិតថា Tse Chi Lop ត្រូវបានសង្ស័យថាដឹកនាំក្រុមជួញដូរគ្រឿងញៀនពហុជាតិដ៏ធំមួយ ហៅថា "The Company" ដែលបង្កើតឡើងពីសម្ព័ន្ធមិត្តនៃក្រុមសង្គមងងឹតអាស៊ីចំនួន ៥។

ប៉ូលិស បានហៅឈ្មោះក្រៅរបស់ Tse ថា Sam Gor ជាភាសាចិនកាតាំងមានន័យថា "បងធំទីបី"។

មន្ត្រីអនុវត្តច្បាប់ជឿថាក្រុមជួញដូរគ្រឿងញៀននេះកំពុងដឹកជញ្ជូនថ្នាំមេតំហ្វេតាមីន ថ្នាំហេរ៉ូអ៊ីន និង ថ្នាំកេតតាមីន ទៅកាន់ប្រទេសរាប់សិបរាប់ចាប់ពីជប៉ុននៅអាស៊ីខាងជើងរហូតដល់នូវែលសេឡង់នៅប៉ាស៊ីហ្វិកខាងត្បូង។

ក្រុមមន្ត្រីនិយាយថា ប៉ុន្តែថ្នាំមេតំហ្វេតាមីន ដែលជាគ្រឿងញៀនខ្លាំងក្លាជាងគេនិងមានផលប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់អ្នកសេព គឺជាអាជីវកម្មចម្បងរបស់ពួកគេ។

ការិយាល័យប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) បានប៉ាន់ស្មានប្រាក់ចំណេញរបស់ក្រុម Sam Gor ក្នុងឆ្នាំ ២០១៨ គឺ ៨ ពាន់លានដុល្លារ ប៉ុន្តែនិយាយថាវាអាចខ្ពស់ដល់ទៅ ១៧,៧ ពាន់លានដុល្លារ។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបានប៉ាន់ប្រមាណថា ក្រុមជួនដូរគ្រឿងញៀននេះ ដែលភាគច្រើនលាក់គ្រឿងញៀនរបស់ខ្លួននៅក្នុងកញ្ចប់តែ មានចំណែក ៤០ ភាគរយទៅ ៧០ ភាគរយនៃទីផ្សារលក់ដុំគ្រឿងញៀនក្នុងតំបន់អាស៊ី ដែលបានពង្រីកយ៉ាងហោច ៤ ដងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។

ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របាននិយាយថា ការរីកចម្រើនដែលមិនធ្លាប់មានពីមុននៅក្នុងផលិតកម្មថ្នាំមេតំហ្វេតាមីន បានបង្កឱ្យមានការឆ្លើយតបមិនធ្លាប់មានពីមុនមក។

អាជ្ញាធរមកពីប្រទេសជាច្រើនកំពុងតាមចាប់ខ្លួនស្តេចត្រាញ់គ្រឿងញៀនអាស៊ីម្នាក់នេះ ក្នុងនោះរួមមាន មីយ៉ាន់ម៉ា ចិន ថៃ ជប៉ុន សហរដ្ឋអាមេរិក កោះតៃវ៉ាន់ និង កាណាដា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab