តារាបាល់ទាត់ក្លឹបមាន់ខ្នាយមាស Son Heung-min មកដល់កូរ៉េខាងត្បូងវិញព្រឹកមិញ និយាយថា វាជាសមិទ្ធផលធំធេងណាស់ ដែលត្រឡប់មកវិញមិនពិការ ក្រោយទាត់បាល់ជាមួយកូរ៉េខាងជើងរួច

Son Heung-min តារាបាល់ទាត់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur សញ្ជាតិកូរ៉េខាងត្បូង និយាយថា ការប្រកួតជម្រុះ World Cup ជាប្រវត្តិសាស្ត្រនៅទីក្រុងព្យុងយ៉ាងគឺជាការប្រកួតដ៏ "អាក្រក់អាក្រីបំផុត" ដែលធ្វើឱ្យគាត់ខ្លាចរងរបួស ខណៈកីឡាករកូរ៉េខាងជើងថែមទាំងជេរសាហាវៗដាក់គាត់និងមិត្តរួមក្រុមទៀតផង។

ការប្រកួតនៅរដ្ឋធានីកូរ៉េខាងជើងបានបញ្ចប់ទៅដោយលទ្ធផល ០-០ កាលពីថ្ងៃអង្គារនៅចំពោះមុខប្រធាន FIFA លោក Gianni Infantino ប៉ុន្តែនៅក្នុងកីឡដ្ឋានទទេគ្មានមនុស្សមើល និងស្ទើរតែបិទពីពិភពខាងក្រៅ។

ការប្រកួតរវាងក្រុមទាំងពីរបានធ្វើឡើងនៅពហុកីឡដ្ឋានគីមអ៊ីលស៊ុងនៅទីក្រុងព្យុងយ៉ាង ដោយគ្មានការផ្សាយផ្ទាល់ គ្មានអ្នកគាំទ្រ និង គ្មានសារព័ត៌មានបរទេសចូលរួម។

កីឡាករហុង Son Heung-min បានប្រាប់អ្នកយកព័ត៌មាននៅពេលត្រឡប់មកអាកាសយានដ្ឋាន Incheon កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះថា  "វាស៊យខ្លាំងណាស់ដែលយើងមិនបានឈ្នះប៉ុន្តែការប្រកួតនេះគឺអាក្រក់អាក្រីណាស់ដល់ថ្នាក់ខ្ញុំគិតថាវាជាសមិទ្ធិផលដ៏ធំធេងដែលវិលត្រឡប់មកវិញដោយសុវត្ថិភាពនិងគ្មានរបួស (ពិការជើង)។ កីឡាករកូរ៉េខាងជើងឆេវឆាវនិងលេងកាចៗណាស់។ ពួកគេថែមទាំងជេរពាក្យអាក្រក់ៗជាច្រើនទៀតផង"។

លោក Choi Young-il អនុប្រធានសមាគមបាល់ទាត់កូរ៉េខាងត្បូងបានបន្ថែមថា "វាដូចជាសង្គ្រាមយ៉ាងអ៊ីចឹង។ ខ្ញុំមិនដែលឃើញការលេងកាចៗដូច្នេះក្នុងបាល់ទាត់នោះទេរហូតមកទល់ឥឡូវ"។ 

ទោះយ៉ាងណា និយាយអំពីកីឡដ្ឋានទទេស្អាត Son Heung-min ដែលជាប្រធានក្រុមកូរ៉េខាងត្បូងបាននិយាយថា "ខ្ញុំមិនភ្ញាក់ផ្អើលទេ។ វាធ្វើឱ្យខ្ញុំគិតថាកូរ៉េខាងជើងយល់ឃើញថាយើងជាក្រុមខ្លាំង"។

កីឡាករកូរ៉េខាងត្បូងមិនត្រូវបានអនុញ្ញាតឱ្យប្រើទូរស័ព្ទដៃរបស់ពួកគេក្នុងអំឡុងពេលស្នាក់នៅក្នុងទីក្រុងព្យុងយ៉ាងនោះទេ ប៉ុន្តែ Son Heung-min និយាយថា គាត់មិនខ្វល់ទេ។ គាត់និយាយថា "ខ្ញុំចូលចិត្តវា ព្រោះខ្ញុំត្រូវការគេងឱ្យបានច្រើន"។

លោក Paulo Bento គ្រូបង្វឹកក្រុមកូរ៉េខាងត្បូងបាននិយាយថា ការប្រកួតជម្រុះនេះមិនមែនជាការប្រកួតល្អនោះទេ ដោយនិយាយថា វាត្រូវបានបញ្ឈប់ជាញឹកញាប់នៅពេលដែលអាជ្ញាកណ្តាលត្រូវបង្ខំចិត្តធ្វើការព្រមានម្តងហើយម្តងទៀតដល់កីឡាករ។

លោក Infantino ប្រធាន FIFA បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីបានចូលរួមព្រឹត្តិការណ៍នេះ។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលផ្សាយនៅលើវេបសាយរបស់ FIFA ថា "ខ្ញុំទន្ទឹងរង់ចាំមើលពហុកីឡាដ្ឋានពេញទៅដោយទស្សនិកជនសម្រាប់ការប្រកួតជាប្រវត្តិសាស្រ្តបែបនេះ ប៉ុន្តែខ្ញុំខកចិត្តដែលពុំឃើញអ្នកគាំទ្រ។ យើងមានការភ្ញាក់ផ្អើលចំពោះបញ្ហានេះនិងបញ្ហាជាច្រើនទាក់ទងនឹងការផ្សាយផ្ទាល់និងបញ្ហាផ្សេងទៀតទាក់ទងនឹងទិដ្ឋាការនិងសិទ្ធិចូលរួមរបស់អ្នកកាសែតបរទេស"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab