ពិភពលោក​ផ្លាស់ប្តូរ​ដោយសារតែ​រូបថត​ព័ត៌មាន​ដ៏​មាន​ឥទ្ធិពល​ប៉ុន្មាន​សន្លឹក​នេះ ក្នុងនោះ​រូបថត​ក្មេងស្រី​អាក្រាត​រត់គេច​គ្រាប់​ក្នុង​សង្គ្រាម​វៀតណាម​ជាប់​លេខ​១​ជា​រូប​មាន​ឥទ្ធិពល​ខ្លាំង​បំផុត ជួយ​បញ្ចប់សង្គ្រាម​

​រូបថត​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​ក្មេងស្រី​អាយុ ៩ ឆ្នាំ​ម្នាក់​កំពុង​រត់​ទាំង​អាក្រាតកាយ​ពី​ការវាយប្រហារ​ដោយ​គ្រាប់បែក​ក្នុងអំឡុង​សង្គ្រាម​វៀតណាម ត្រូវបាន​គេ​បោះឆ្នោត​ជា​រូបថត​ព័ត៌មាន​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​ក្នុង​រយៈពេល ៥០ ឆ្នាំ​ចុង​ក្រោយនេះ​។ នេះ​យោងតាម​កាសែត Daily Mail សរសេរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​តុលា​។​

​រូបថត​ដ៏​គួរឱ្យ​រន្ធត់​ឆ្នាំ ១៩៧២ ដែល​ថត​ដោយ​អ្នក​ថតរូប​ឈ្មោះ Nick Ut នៃ​កាសែត Kim Phuc ត្រូវបាន​បោះពុម្ពផ្សាយ​ពាសពេញ​ពិភពលោក និង ត្រូវបានគេទទួលស្គាល់​ថា​បាន​ជួយ​បញ្ចប់សង្គ្រាម​នៅ​វៀតណាម​។​

​រូបថត​នេះ​ត្រូវបាន​សម្រិតសម្រាំង​ដោយ​ជនជាតិ​អង់គ្លេស​ចំនួន ៣៧ ភាគរយ​នៅក្នុង​ការស្ទង់មតិ​ថ្មី​មួយ​ក្នុងនាម​ជា​រូបថត​ព័ត៌មាន​ល្បី​ខ្លាំង​បំផុត​ក្នុង​រយៈពេល ៥ ទសវត្សរ៍​ចុងក្រោយ​នេះ​។​

​រូបថត​ជាប់​ចំណាត់ថ្នាក់​ទី ២ នៅក្នុង​បញ្ជី​ដែលមាន​សំឡេងគាំទ្រ ៣៥ ភាគរយ​គឺ​រូបថត​ដ៏​ខូចចិត្ត​និង​គួរឱ្យ​រន្ធ​ត់នៃ​សាកសព​កុមារ​ស៊ី​រី​ឈ្មោះ Aylan Kurdi អាយុ ៣ ឆ្នាំ ដែល​ទឹកសមុទ្រ​បោក​ទើរ​លើ​ឆ្នេរ​ខ្សាច់​មួយ​នៅក្នុង​ប្រទេស​តួ​ក​គី​។​

​ក្រុមគ្រួសារ​របស់ Aylan បាន​ចាក​ចេញពី​តំបន់ Bodrum ក្នុងប្រទេស​តួ​ក​គី​កាលពី​ថ្ងៃទី ២ ខែកញ្ញា​ឆ្នាំ ២០១៥ ដោយ​សង្ឃឹមថានឹង​ទៅដល់​កោះ Kos របស់​ប្រទេស​ក្រិ​ក តែ​ទូក​តូច​របស់​ពួកគេ​បាន​ក្រឡាប់​លិច​តែ ៣០ នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​ចេញដំណើរ​។​

​រូបថត​សម្រិតសម្រាំង​ក្នុង​បញ្ជី​ដទៃទៀត​រួមមាន​លោក នែ​ល​សុន ម៉​ង់​ដេ​ឡា ចាក​ចេញពី​ពន្ធនាគារ​បន្ទាប់ពី​ជាប់គុក ២៧ ឆ្នាំ​ក្នុង​ឆ្នាំ ១៩៩០ លោក Buzz Aldrin នៅលើ​ឋាន​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ១៩៦៩ ព្រះអង្គម្ចាស់​ឆាល​និង​ព្រះ​ម្ចាស់​ក្សត្រិយ៍​ដាយ​អាណា​ថើប​គ្នា​នៅ​ថ្ងៃ​រៀប​អភិសេក និង អ្នក​តវ៉ា​តែម្នាក់ឯង​គត់​ឈរ​ប្រឈមមុខ​នឹង​រថក្រោះ​ចិន គឺ​មួយថ្ងៃ​គត់ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បង្ក្រាប​ការតវ៉ា​នៅ​ទីលាន​ធៀន​អាន​មែន​យ៉ាង​សាហាវឃោរឃៅ​ក្នុង​ឆ្នាំ ១៩៨៩៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab