កីឡាករ Andrey Arshavin នឹងត្រូវបានចងចាំជានិច្ចចំពោះការទាញចំណាប់អារម្មណ៍ពីពិភពបាល់ទាត់អំឡុងព្រឹត្តិការណ៍យ៉ូរ៉ូឆ្នាំ ២០០៨ នៅពេលដែលគាត់បានបង្ហាញការលេងដ៏ល្អឥតខ្ចោះរបស់គាត់ មុននឹងចូលរួមជាមួយកាំភ្លើងធំ។
បើទោះជាមិនសូវលេចធ្លោនៅក្នុងជួរក្រុមកីឡាករល្អរបស់ Arsenal ក៏ដោយ ក៏ប៉ុន្តែតើមាននរណាទៅដែលអាចភ្លេចគ្រាប់បាល់ទាំងបួនដ៏អស្ចារ្យរបស់គាត់កាលពីជំនួប ៤-៤ ជាមួយ Liverpool នោះ?
ប៉ុន្តែពេលវេលាពិតជាផ្លាស់ប្តូរលឿនណាស់ ខណៈឥឡូវនេះខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំរូបនេះធ្លាក់ខ្លួនមកលេងឱ្យក្រុម Kairat Almaty របស់កាហ្សាក់ស្ថាន។
Arshavin បានចាប់ផ្តើមអាជីពរបស់ខ្លួនជាមួយក្លឹប Zenit Saint Petersburg ដោយបានបង្ហាញខ្លួនចំនួន ២៣៦ ប្រកួតឱ្យក្លឹប និងរកបាន ៥២ គ្រាប់។ គាត់បានចូលរួមជាមួយ Arsenal ក្នុងឆ្នាំ ២០០៩ និងបានលេងការប្រកួត Premier League ចំនួន ១០៥ ប្រកួត ប៉ុន្តែរកបានតែ ២៣ គ្រាប់ប៉ុណ្ណោះមុននឹងចាកចេញទៅ Zenit ក្នុងឆ្នាំ ២០១២ ក្នុងលក្ខខណ្ឌខ្ចីជើងនិងជាអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៣។
គាត់ចំណាយពេលពីររដូវកាលនៅទីនោះ ដោយរកបានតែបីគ្រាប់ប៉ុណ្ណោះមុននឹងចូលរួមជាមួយក្រុម Kuban Krasnodar នៅដើមរដូវកាលនេះ។ បន្ទាប់ពីបង្ហាញខ្លួនចំនួនប្រាំបីលើកដោយមិនបានរកគ្រាប់បាល់សោះ គាត់ត្រូវបានដកចេញពីក្រុមនៅខែមករាឆ្នាំនេះ។ ចាប់តាំងពីពេលនោះគាត់មិនមានក្លឹបលេងនោះទេ ហើយបន្ទាប់ពីចរចាជាមួយក្រុម Vardar Skopje របស់ម៉ាសេដូនីបរាជ័យ មានអ្នកខ្លះគិតថា អាជីពរបស់គាត់នឹងដល់ទីបញ្ចប់។
ទោះជាយ៉ាងនេះក្តី ក្រុម Kairat Almaty ដែលខកខានឈ្នះពានលីកក្នុងស្រុកយូរហើយនោះ បានចាប់យកឱកាសនេះដើម្បីនាំយកអតីតកីឡាកររបស់ Arsenal រូបនេះតែម្តង៕
