ស្របពេលដែលទឹកឃ្មុំជាសម្បត្តិធម្មជាតិដ៏មានតម្លៃដែលអាចប្រើប្រាស់បានក្នុងវិធីផ្សេងៗគ្នានៃការធ្វើម្ហូបអាហារនិងភេសជ្ជៈ ទឹកឃ្មុំក៏មានសមត្ថភាពជួយដល់សក់និងស្បែករបស់អ្នកផងដែរ។
ខាងក្រោមនេះជាវិធីទាំងប្រាំបីយ៉ាងនៃអាថ៍កំបាំងរបស់ទឹកឃ្មុំ៖
១. យកទឹកឃ្មុំឆៅលាបនៅលើផ្ទៃមុខ
ប្រើប្រាសទឹកឃ្មុំធ្វើជាម៉ាសលាបលើផ្ទៃមុខ ទឹកឃ្មុំមានសមត្ថភាពបញ្ជូនសំណើមពីខ្យល់ទៅក្នុងស្បែករបស់អ្នក ដែលអាចធានាបាននៃការស្រូបជាតិទឹកចូលក្នុងស្បែក។
វិធីធ្វើគឺត្រូវលុបលាងមុខឲ្យស្អាតជាមួយនឹងទឹកក្ដៅអ៊ុនៗ បន្ទាប់មកជូតមុខឲ្យស្ងូត សឹមយកទឹកឃ្មុំ១ស្លាបព្រាកាហ្វេលាបលើផ្ទៃមុខឲ្យសព្វទុកចោល២០នាទីសឹមលាងមុខចេញ។
២. ជាអ្នកឯកទេសសម្អាតរន្ធញើស
នៅពេលស្បែករបស់អ្នកមិនអាចដកដង្ហើម បាក់តេរីនិងជាតិខ្លាញ់ក៏ក កើតឡើង ដែលធ្វើឲ្យកើតមុននិងងាយឆ្លងមេរោគ។ ទឹកឃ្មុំមានសមត្ថភាពជួយបើករន្ធញើសអ្នកបានយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើអ្នកត្រូវដួសទឹកឃ្មុំមួយស្លាបព្រាបាយ លាយជាមួយនឹងប្រេងដូង២ស្លាបព្រាកាហ្វេ ហើយលាបវានៅលើផ្ទៃមុខរបស់អ្នកទុកចោល២០នាទីសឹមលាងមុខ។ ប៉ុន្ដែមុនចាប់ផ្ដើមត្រូវលាងសម្អាតមុខអ្នកឲ្យស្អាតជាមុនសិន។
៣. កម្ចាត់កោសិកាងាប់ជាមួយនឹងទឹកឃ្មុំនិងម្សៅមេនំបុ័ង
ទឹកឃ្មុំសម្បូទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម អង់ស៊ីម និងសារធាតុចិញ្ចឹមផ្សេងៗទៀត នៅពេលប្រើប្រាស់វាជាមួយនឹងម្សៅមេនំបុ័ង ដែលអាចរួមគ្នាដើម្បីចម្ចាត់កោសិកាដែលងាប់នៅលើផ្ទៃមុខរបស់អ្នកយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើដួសទឹកឃ្មុំពីរស្លាបព្រាបាយលាយជាមួយនឹងម្សៅមេនំបុ័ង១ស្លាបព្រា ហើយយកទៅបិតនៅលើផ្ទៃមុខ និងអាចពាសនៅលើរាងកាយដែលមានកោសិកាងាប់ក៏បាន ទុកចោល២០នាទីសឹមលាងមុខចេញ។
៤. ជុសជុលស្បែក
ទឹកឃ្មុំអាចជួយបង្កើនជាលិកា ដូច្នេះវាអាចជុសជុលស្បែកខូចបានយ៉ាងមានប្រសិទ្ធភាព។ លើពីនោះរបស់ធម្មជាតិមួយនេះផ្សំជាមួយនឹងប្រេងដូង ឬក៏ប្រេងអូលីវ ដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែប្រសើរឡើង។
វិធីធ្វើត្រូវដួសទឹកឃ្មុំមួយស្លាបព្រាបាយលាយជាមួយនឹងប្រេងដូង ឬក៏ប្រេអូលីវមួយស្លាបព្រាកាហ្វេ បន្ទាប់មកយកម្រាមដៃអ្នកបៀកទឹកឃ្មុំដែលលាយនោះមកម៉ាស្សានៅតំបន់ស្បែកមុខដែលខូចចំនួនពីរនាទី។ ក្រោយមកទៀតយកកន្សែងច្រលក់ទឹកក្ដៅអ៊ុនៗ មកត្រដុសកន្លែងដែលលាបទឹកឃ្មុំប្រេងដូងនោះរហូតដល់កន្សែងត្រជាក់ទៅវិញ។ ធ្វើបែបនេះជារៀងរាល់ថ្ងៃ ឬក៏បីដងមួយសប្ដាហ៍ដើម្បីទទួលបានការជុសជុលស្បែកខូច។
៥. បង្ការពីការកើតមុន
ទឹកមានតួនាទីប្រឆាំងបាក់តេរីនិងផ្សិត ដែលអាចជួយអ្នកពីការកើតមុនធំ លើសពីនោះវាមានសមត្ថភាពជួយស្បែកអ្នកឲ្យរលើបរលោង និងបញ្ជៀសពីការរោលក្រហមនិងការរលាកយ៉ាងមានប្រសិទ្ធភាព។
វិធីធ្វើគ្រាន់តែលាបត្រង់កន្លែងកើតមុនទុកចោល១០ទៅ១៥នាទី។ បន្ទាប់មកលាងត្រង់កន្លែងនោះជាមួយទឹកក្ដៅអុនៗ ហើយធ្វើបែបនេះរាល់ថ្ងៃតាមតែអាចធ្វើបាន។
៦. ប្រទាលកន្ទុយក្រពើជាមួយទឹកឃ្មុំជួយព្យាបាលស្បែកខ្មៅដោយសារកម្ដៅថ្ងៃ
ទោះស្បែកអ្នកខូចជាច្រើនស្រទាប់ដោយសារកម្ដៅថ្ងៃយ៉ាងក៏ដោយ ទឹកឃ្មុំអាចជួយអ្នកបាន។
វិធីធ្វើលាយទឹកឃ្មុំជាមួយនឹងប្រទាលកន្ទុយក្រពើតាមកម្រិតទំហំនៃស្បែកអ្នកខូច ហើយលាបនៅលើបរិវេណដងខ្លួនដែលទទួលរងផលប៉ះពាល់ដោយសារពន្លឺថ្ងៃទុកចោល២០ទៅ៣០នាទីសឹមងូតទឹកចេញ។
៧. ជាសាប៊ូថែរក្សាសក់
ទឹកឃ្មុំមានសមត្ថភាពជួយពង្រឹងគល់សក់ ការពារសក់របស់អ្នកពីការខូចខាតនិងជួយឲ្យសក់មានសុខភាពល្អ។
វិធីធ្វើទឹកឃ្មុំមួយស្លាបព្រាបាយជាមួយនឹងទឹកសាប៊ូកក់សក់បន្ដិច កក់រយៈពេល៥នាទីសឹមលាយទឹកចេញ។ ធ្វើបែបនេះរៀងរាល់ពេលដែលអ្នកងូតទឹក ដើម្បីឲ្យសក់មានសុខភាពល្អ និងសក់ដុះឡើងវិញ។
៨. ទឹកឃ្មុំនិងប្រេងដូងជួយសក់ឱ្យភ្លឺរលោង
ប្រេងដូងលាយជាមួយនឹងទឹកឃ្មុំ មានសារធាតុត្រជាក់ដែលអាចជ្រាបចូលទៅសសៃសក់ធ្វើឲ្យសក់រលោងនិងពង្រឹងគល់សក់។
វិធីធ្វើទឹកឃ្មុំមួយស្លាបព្រាបាយលាយជាមួយនឹងប្រេងដូងពីរស្លាបព្រាបាយ។ លាបលើសក់របស់អ្នកដែលសើមស្រាប់ ទុកចោល២០នាទីរហូតដល់វាស្ងួតសឹមលាងទឹក៕
