Aaa

ស្រី​ស្អាត​ព័រ​តូ​រី​កូ​ត្រូវបាន​ដក​មកុដ​មក​បវរកញ្ញា​មកវិញ​ដោយសារ​មិន​ចូលចិត្ត​ឱ្យគេ​ថត​

​    ​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១៦ មក​ប្រទេស​ព័រ​តូ​រី​កូ ត្រូវបាន​ដកហូត​មកុដ​មកវិញ បន្ទាប់ពី​នាង​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​មួយ​ថា នាង​មិន​ចង់​ឲ្យ​គេ​ថត​រូបនាង​នោះទេ​។ បើតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​ថ្ងៃទី ១៩ ខែមីនា​។ 

​    ​នាង គ្រី​ស​ធី​លី ខា​រីដ (Kristhielee Caride) បវរកញ្ញា​ព័រ​តូ​រី​កូ អាយុ​២៤​ឆ្នាំ បានធ្វើ​ឲ្យ​ក្រុមមន្ត្រី​រៀបចំ​ការប្រកួត​បវរ​កញ្ញា​តក់ស្លុត​ចិត្ត​នៅពេលដែល​នាង​បាន​និយាយប្រាប់​កាសែត Puerto Rican ថា “​ខ្ញុំ​ពិតជា​មិន​ចូលចិត្ត​កាមេរ៉ា​ថត​នោះទេ​”​។​

​    ​លោកស្រី ដេ​សាយ​រី ឡូរី (Desiree Lowry) អ្នកគ្រប់គ្រង​ការប្រកួត​បវរកញ្ញា​ពិភពលោក​របស់​ប្រទេស​ព័រ​តូ​រី​កូ បាន​និយាយថា នាង​ចង់​ឲ្យ​ពិភពលោក​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​នាង នៅពេលដែល​នាង​ស្ថិតនៅក្នុង​បទសម្ភាសន៍​នោះ​។​

​    ​លោកស្រី​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ខ្ញុំ​ឃើញថា នាង​កំពុង​ធ្វើ​ឲ្យ​មានការ​ខូចខាត​ដល់​ការប្រកួត​បវរកញ្ញា​ពិភពលោក​។ បវរកញ្ញា​ព័រ​តូ​រី​កូ ជា​បុគ្គល​សាធារណៈ​ម្នាក់ ហើយ​មួយផ្នែក​នៃ​ការងារ​របស់​អ្នក គឺ​នៅ​ពីមុខ​កាមេរ៉ា​”​។​

​    ​លោកស្រី ឡូរី បាន​និយាយថា នាង ខា​រីដ បាន​និយាយប្រាប់​ក្រុមមន្ត្រី​រៀបចំ​ការប្រកួត​បវរ​កញ្ញា​ថា នាង​មាន​បញ្ហា​ផ្ទាល់ខ្លួន​ហើយ​ថា​ហេតុការណ៍​បែបនេះ​នឹងមិន​កើត​ទៀត​ទេ ប៉ុន្តែ លោកស្រី​ឡូរី​បាន​និយាយថា នាង​មិនដែល​សុំទោស​នោះទេ​។ 

​    ​លោកស្រី ឡូរី បានបង្ហាញ នាង ប្រេន​ដា ជី​មីណេស (Brenda Jimenez) បវរកញ្ញា​ចំណាត់ថ្នាក់​ទី​២ ជា​បវរកញ្ញា​ចក្រវាល​ថ្មី​របស់​ប្រទេស​ព័រ​តូ​រី​កូ​នៅឯ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

នាង ប្រេន​ដា ជី​មីណេស ចូលមក​គ្រង​មកុដ​បវរកញ្ញា​ចក្រវាល​ជំនួស​នាង ខា​រីដ

ប្រភព៖ ដេលីមែល

មតិយោបល់