ទឹកជំនន់បង្កឡើងដោយការឡើងកម្រិតទឹកសមុទ្រអាចប៉ះពាល់ប្រជាជនអាមេរិក ១៣ លាននាក់ ដែលរស់នៅតាមតំបន់ឆ្នេរនៅភាគខាងត្បូងអាមេរិក ជាហេតុបង្កឱ្យមានការធ្វើចំណាកស្រុកដ៏ធំសម្បើមមួយ។ នេះបើតាមវេបសាយដេលីមែលចេញផ្សាយថ្ងៃទី ១៤ មីនា។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ University of Georgia បានសើរើឡើងវិញនូវការព្យាករណ៍បច្ចុប្បន្នសម្រាប់កម្រិតទឹកសមុទ្រដើម្បីបញ្ចូលទិន្នន័យអំពីកំណើនប្រជាជន ហើយការរកឃើញចំនួនមនុស្សដែលនឹងរងគ្រោះដោយសារទឹកជំនន់នេះអាចខ្ពស់ជាងការរំពឹងទុកដល់ទៅ ៣ ដង។
ពួកគេនិយយថា ប្រជាជននៅតាមតំបន់ឆ្នេរបានបន្តកើនឡើង ខណៈស្របពេលដូចគ្នានេះដែរ វិធានការការពារទឹកជំនន់តិចតួចណាស់ត្រូវបានគេអនុម័ត។
ឯកសារស្រាវជ្រាវ ដែលចេញផ្សាយលើព្រឹត្តិប័ត្រព័ត៌មាន Nature នេះបានព្យាយាមដោះស្រាយបញ្ហាគួរឱ្យខ្លាច ទាក់ទិននឹងការព្យាករណ៍អំពីរបៀបដែលប្រជាជនរាប់លាននាក់អាចនឹងរងគ្រោះដោយផ្ទាល់ពីបម្រែបម្រួលអាកាសធាតុនេះ។
ខណៈការឡើងកម្រិតទឹកសមុទ្រគឺជាបញ្ហាជាក់ស្តែងចំពោះការរស់នៅរបស់មនុស្ស ការព្យាករណ៍អំពីផលប៉ះពាល់នៃទឹកជំនន់គឺជាការប្រឈមមួយដោយសារតែបម្រែបម្រួលភូមិសាស្ត្រក្នុងស្រុក និង ភាពមិនប្រាកដប្រជាជុំវិញការផ្លាស់ប្តូរចំនួនប្រជាជនក្នុងពេលអនាគត។
ពួកអ្នកស្រាវជ្រាវបានព្យាករណ៍ផ្អែកលើទិន្នន័យប្រមូលបានពីរដ្ឋតំបន់ឆ្មេរចំនួន ២២ ហើយពួកគេបានរកឃើញថា កម្រិតទឹកសមុទ្រនឹងឡើងដល់ ០,៩ ម៉ែត្រនៅត្រឹមឆ្នាំ ២១០០ និងបង្កឱ្យមនុស្ស ៤, ២ លាននាក់ប្រឈមទឹកជំនន់ ហើយនេះពុំបានរួមបញ្ចូលករណីរលាយទឹកកកនៅតំបន់ប៉ូលនោះទេ។
ប្រសិនបើផ្ទាំងទឹកកកនៅតំបន់ប៉ូលរលំ នោះកម្រិតទឹកសមុទ្រអាចឡើងដល់ទៅ ១,៨ ម៉ែត្រ ដោយគំរាមកំហែងប្រជាជនអាមេរិករហូតដល់ទៅ ១៣,១ លាននាក់ឯណោះ។
ដោយឡែក ក្រុមហ៊ុនអង់គ្លេស The Eco Experts បានផលិតផែនទីមួយឡើងដើម្បីបង្ហាញតំបន់ងាយរងគ្រោះដោយសារជំនន់ទឹកសមុទ្រ ឬការឡើងកម្រិតទឹកសមុទ្រនេះ។ សញ្ញាក្រហមបំផុតបង្ហាញពីប្រទេសងាយរងគ្រោះខ្លាំងជាងគេ និងសញ្ញាបៃតងចាស់បំផុត បង្ហាញពីប្រទេសដែលមានសុវត្ថិភាពបំផុតពីការឡើងទឹកសមុទ្រនេះ។
បើសង្កេតលើផែនទី កម្ពុជាគឺជាប្រទេសងាយរងគ្រោះបំផុតមួយផងដែរដោយសារស្ថិតក្នុងកាំក្រហមទីពីរ (មើលក្នុងផែនទី)៕
