ផ្ទុះការប្រៀបធៀបរូបថត២សន្លឹករបស់លោកត្រាំនិងលោកអូបាម៉ា មួយណាឡូយជាង ពេលសម្លាប់មេ ISIS និង មេអាល់កៃដា

រូបថត ផ្តិតចេញពីក្នុងបន្ទប់ស្ថានការណ៍របស់សេតវិមានអំឡុងការសម្លាប់មេដឹកនាំរដ្ឋអ៊ីស្លាម (ISIS) លោក Abu Bakr al-Baghdadi កាលពីថ្ងៃសៅរ៍ទី២៦ តុលា និង មេដឹកនាំក្រុមអាល់កៃដា Osama bin Laden កាលពី៨ឆ្នាំមុន បានបង្ហាញស្ទីលផ្ទុយគ្នាស្រឡះរវាងប្រធានាធិបតីអាមេរិក២រូប។ 

សេតវិមានកាលពីថ្ងៃអាទិត្យបានបញ្ចេញរូបថតប្រធានាធិបតី ដូណាល់ ត្រាំ ជាមួយទីប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់៥រូបរបស់គាត់កំពុងតាមដានប្រតិបត្តិការកាលពីយប់ថ្ងៃសៅរ៍ដើម្បីសម្លាប់លោក ​al-Baghdadi ក្នុងប្រទេសស៊ីរី។ 

រូបនេះបានបង្ហាញបុរសទាំង៦នាក់ក្នុងឈុតខ្មៅឬឯកសណ្ឋានយោធា អង្គុយជុំគ្នាថតរូប និងសម្លឹងមើលទៅមុខក្នុងទឹកមុខមាំ ខណៈពួកគេអង្គុយជុំវិញតុមួយ។ សញ្ញាសម្គាល់ប្រធានាធិបតីនៅលើជញ្ជាំងអាចមើលឃើញចំពីលើក្បាលលោកត្រាំ។ 

រូបថតនេះបានទាក់ទាញការប្រៀបធៀបទៅនឹងរូបថតបន្ទប់ស្ថានការណ៍ដែលបញ្ចេញដោយសេតវិមានរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បន្ទាប់ពីប្រតិបត្តិការក្នុងខែឧសភាឆ្នាំ២០១១ ដែលក្នុងនោះកងទ័ពជើងទឹកអាមេរិកបានសម្លាប់ Osama bin Laden។ 

នៅក្នុងឈុតឆាកមិនបានរៀបឫកឱ្យគេថតនោះ គេឃើញមនុស្ស១៣នាក់កំពុងចោមរោមនៅជុំវិញតុដ៏ចង្អៀនមួយ។ លោកអូបាម៉ា ដែលពាក់អាវកាក់ធម្មតានិងអាវយឺតកបត់ អង្គុយសម្លឹងមើលអេក្រង់និងក្តោបដៃ។ ហើយបន្ទាប់មក រដ្ឋមន្ត្រីការបរទេសលោកស្រី Hillary Clinton ដែលបញ្ចេញទឹកមុខគួរឱ្យចាប់អារម្មណ៍ជាងគេ បានយកដៃខ្ទប់មាត់របស់គាត់ ខណៈរដ្ឋមន្ត្រីការពារជាតិ លោក Robert Gates អង្គុយក្រពាត់ដៃនៅក្បែរលោកស្រី។

រូបថតរបស់ត្រាំ ដែលមានប្រធានាធិបតីអង្គុយចំកណ្តាលនិងបញ្ចេញទឹកមុខម៉ឺងម៉ាត់ គឺមានលក្ខណៈផ្លូវការជាង និង ផ្តិតជាប់នូវចំណាប់អារម្មណ៍របស់ប្រធានាធិបតីក្នុងការបង្ហាញនូវអំណាចរបស់គាត់ និង ភាពអស្ចារ្យនៃការិយាល័យរបស់គាត់។ វាក៏ឆ្លុះបញ្ចាំងផងដែរនូវការក្តោបក្តាប់អំណាចយ៉ាងណែនលើពួកទីប្រឹក្សា ដែលផ្តល់យោបល់ឱ្យគាត់។ 

រូបថតអូបាម៉ាបង្ហាញនូវលក្ខណៈក្រៅផ្លូវការជាង ដែលក្នុងបន្ទប់នោះមានមនុស្សច្រើនដល់ថ្នាក់បាំងរូបសញ្ញាសម្គាល់ប្រធានាធិបតី។ បន្ទប់ណែននេះហាក់ឆ្លុះបញ្ចាំងពីក្រុមទីប្រឹក្សាធំជាង និង ការចាប់អារម្មណ៍របស់លោកអូបាម៉ាក្នុងការទទួលយកមតិយោបល់ពីមនុស្សគ្រប់គ្នា។

ក្នុងឱកាសនោះដែរ លោកត្រាំឆ្លៀងឌឺដងឱ្យជំនាន់លោកអូបាម៉ាផងដែរ ដោយអះអាងថា ប្រតិបត្តិការរបស់គាត់ប្រឆាំងនឹងមេ ISIS គឺជាព្រឹត្តិការណ៍ធំជាងគេបង្អស់៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab