ភ្នំពេញ ៖ យុវជនម្នាក់ជានិស្សិតពេទ្យឆ្នាំទី៦ របស់សាលា IU បានរងរបួសធ្ងន់ធ្ងរសន្លប់ស្តូកស្តឹង ហើយត្រូវបានមិត្តភក្ត្រដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែរូបគាត់ត្រឡប់មកពីហូបបង្អែម នៅពេលមកដល់មុខផ្ទះជួលគោះទ្វារតែម្ចាស់ផ្ទះក្របើកពេក ក៏មានជនសង្ស័យមួយក្រុមវាយប្លន់យកម៉ូតូស្មាសវីទៅបាត់តែម្តង។
អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ១៩៨៤ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ស្មាសវី ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1H-3808 ជិះចេញពីហូបបង្អែមនៅម្តុំសាលា IU ហើយបំណងត្រឡប់ទៅផ្ទះជួលវិញ។
ពេលមកដល់ចំណុចមុខផ្ទះជួលក៏បានឈប់ម៉ូតូមុខផ្ទះ និងស្រែកហៅឱ្យម្ចាស់ផ្ទះបើកទ្វារ តែដោយសារយប់ជ្រៅពេកទំនងជាម្ចាស់ផ្ទះមិនឮនិងក្របើកទ្វារផ្ទះផងនោះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូម៉ាកអាយខុន ពណ៍លឿង ជិះមកឈប់ដោយយកដុំឥដ្ឋ និងមួកសុវត្ថិភាពវាយមកលើជនរងគ្រោះ បណ្តាលឱ្យដួលសន្លប់ស្តូកស្តឹងរងរបួសធ្ងន់។
ពេលនោះម្ចាស់ផ្ទះឮសូរសម្លេងវាយគ្នា ក៏ប្រញាប់ប្រញាល់ចេញមកបើកទ្វារ ប៉ុន្តែពេលចេញមកក៏បានឃើញជនរងគ្រោះដេកដួលនៅខាងមុខផ្ទះ ហើយក្រុមជនសង្ស័យបានជិះម៉ូតូទៅឆ្ងាយបាត់ទៅហើយ។
ភ្លាមៗនោះបានបង្កការភ្ញាក់ផ្អើលឡើង ហើយជនរងគ្រោះត្រូវបានមិត្តភក្ត្រដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសែនសុខ រួចទើបទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ។
ក្រោយកើតហេតុជាងកន្លះម៉ោងទើបសមត្ថកិច្ចមូលដ្ឋានមកដល់កន្លែងកើតហេតុ សួរនាំដំណើររឿង និងជនរងគ្រោះនៅមន្ទីរពេទ្យ ។ ប៉ុន្តែដោយសារតែជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក ទើបគ្រូពេទ្យឱ្យសមត្ថកិច្ចរង់ចាំសិន ទើបចាំទៅដាក់ពាក្យបណ្តឹងនៅពេលក្រោយទើបពុំទាន់មានឈ្មោះ ៕
