នៅឆ្នាំ២០៥០ ទីក្រុងមាត់សមុទ្រធំៗទាំងអស់អាចនឹងលិចក្រោមសមុទ្រ ចំណែកវៀតណាមខាងត្បូងនឹងលិចទាំងស្រុង

យោងតាមការស្រាវជ្រាវថ្មីបានឱ្យដឹងថា ការកើនឡើងកម្ពស់ទឹកសមុទ្រអាចជះផលប៉ះពាល់ដល់មនុស្សដល់ទៅ ៣ ដងនៅឆ្នាំ ២០៥០ច្រើនជាងការប៉ាន់ស្មានលើកមុន ដោយគំរាមលុបបំបាត់ទីក្រុងធំៗមាត់ឆ្នេរទាំងអស់នៅលើពិភពលោក។ នេះយោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃពុធនេះ។

អ្នកនិពន្ធឯកសារស្រាវជ្រាវមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារទី ២៩ តុលាបានបង្កើតវិធីត្រឹមត្រូវជាងមុនក្នុងការគណនាកម្ពស់ដី ដោយផ្អែកលើការអានផ្កាយរណប ដែលជាវិធីស្តង់ដារនៃការប៉ាន់ស្មានពីផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រលើតំបន់ធំៗ ហើយបានរកឃើញថា ការប៉ាន់ស្មានលើកមុនៗមិនទាន់មានភាពច្បាស់លាស់ខ្លាំងទេ។

ការស្រាវជ្រាវថ្មីនេះបានបង្ហាញថា មនុស្សប្រហែល ១៥០ លាននាក់ឥឡូវនេះកំពុងរស់នៅលើដី ដែលនឹងស្ថិតនៅក្រោមទឹកសមុទ្រនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។

វៀតណាមខាងត្បូងអាចបាត់ស្រមោលទាំងស្រុង។ ប្រជាជនជាង ២០ លាននាក់នៅក្នុងប្រទេសវៀតណាម ដែលស្ទើរតែស្មើមួយភាគបួននៃចំនួនប្រជាជនសរុប សព្វថ្ងៃកំពុងរស់នៅលើដី ដែលនឹងលិចក្រោមសមុទ្រនាពេលអនាគត។

ភាគច្រើននៃទីក្រុងហូជីមិញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ជាតិវៀតណាមនឹងរលាយបាត់ស្រមោល ដោយយោងទៅតាមការស្រាវជ្រាវផលិតដោយអង្គការ Climate Central ដែលជាអង្គការវិទ្យាសាស្ត្រមានមូលដ្ឋាននៅរដ្ឋញូវជើស៊ីនិងចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Nature Communications។

ក្នុងប្រទេសថៃ ប្រជាជនជាង ១០ ភាគរយបច្ចុប្បន្នរស់នៅលើដី ដែលទំនងជានឹងត្រូវលិចលង់នៅឆ្នាំ ២០៥០ ប្រៀបធៀបទៅនឹងការព្យាករណ៍មុនគឺមានតែ ១ ភាគរយប៉ុណ្ណោះ។ រាជធានីនយោបាយនិងពាណិជ្ជកម្មបាងកកគឺងាយរងគ្រោះលិចលង់ខ្លាំងបំផុត។

ទីក្រុងផ្សេងទៀតដែលនឹងត្រូវលិចលង់ក្នុងឆ្នាំ២០៥០ដែរនោះរួមមានទីក្រុងសៀងហៃរបស់ចិននិងទីក្រុងមុំបៃរបស់ឥណ្ឌា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab