ចៅក្រមនៅរដ្ឋហ្វ័រីដាបានធ្វើការពិចារណាទៅលើអង្គហេតុរយៈពេលប្រាំមួយម៉ោង មុននឹងសម្រេចបង្គាប់ឲ្យក្រុមហ៊ុន Gawker Media បង់សំណងជំងឺចិត្តរហូតដល់១១៥លានដុល្លារ។
ចៅក្រមបានជម្រះក្តីលើបណ្តឹងពាក់ព័ន្ធនឹងឃ្លីបវីដេអូសិចរបស់អតីតកីឡាកាសជើងចាស់ Hulk Hogan ហើយបានរកឃើញថា គេហទំព័រ Gawker Media បានរំលោភលើសិទ្ធិឯកជនរបស់កីឡាកាសរូបនេះ នៅពេលគេហទំព័រនេះបានចុះផ្សាយឃ្លីបវីដេអូដែលលោករួមសិចជាមួយនឹងភរិយាមិត្តភក្តិជិតស្និទ្ធរបស់លោក។
លោក Hogan ឱកក្បាលចុះបន្តិច ហើយទំនងជាស្រក់ទឹកភ្នែកនៅពេលតុលាការប្រកាសសាលក្រម។
ចៅក្រមបានបង្គាប់ឲ្យផ្តល់សំណងដល់លោក Hogan ៥៥លានដុល្លារសម្រាប់ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនិង៦០លានដុល្លារទៀតចំពោះផលប៉ះពាល់ផ្លូវចិត្ត។
ក្រុមការងាររបស់លោក Hogan បាននិយាយថា បណ្តឹងទារសំណង១០០លានដុល្លារពី Gawker ផ្តោតលើសិទ្ធិឯកជនដែលមនុស្សគ្រប់គ្នាគួរទទួលបាននៅពេលនិយាយដល់ទំនាក់ទំនងផ្លូវភេទក្នុងបន្ទប់ជាលក្ខណៈឯកជន មិនថា បុគ្គលនោះជាតារាល្បីឬយ៉ាងណានោះទេ៕
