រថយន្តបើកបុករ៉ឺម៉កដើរទិញអេតចាយបណ្ដាលឱ្យបាត់បង់ជីវិតម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះរឺម៉កដើរទិញអេតចាយ ត្រូវរថយន្តមួយគ្រឿងបើកបុកពេញទំហឹង កាលពីវេលាម៉ោង ២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ ត្រង់ចំណុចខាងត្បូងប្រមាណ២០ ម៉ែត្រជិតស្ពានកំពង់ទួល ហៅស្ពាន៧មករា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរទិញអេតចាយ រស់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ វឿន ពៀក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅស្រុកក្រគរ ខេត្តពោធិសាត់ បើកបររថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ3C-9402 ត្រូវប៉ូលិសឃាត់ខ្លួន។

យោងតាមសាក្សីបានឱ្យដឹងថា ដំបូងឡើយគាត់ឃើញ ជនរងគ្រោះបើករ៉ឺម៉ក តាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តបង្ក បើកយ៉ាងលឿន ទិសដៅពីត្បូងមកជើង បញ្ច្រាស់ទិសគ្នា បានរេចង្កូតមកបុករ៉ឺម៉កពេញទំហឹង បណ្ដាលឱ្យគាត់រងរបួសត្រូវដើមទ្រូងធ្ងន់ធ្ងរ ដោយរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ។

ប្រភពបន្តថា អកុសលឡានពេទ្យបើកដល់ពាក់កណ្ដាលផ្លូវ ជនរងគ្រោះបានផុតដង្ហើម ហើយក៏បានដឹកសពមកដល់កន្លែងកើតហេតុនេះវិញ។ ចំណែកតៃកុងរថយន្តបង្ក ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ឃាត់បាន ប្រគល់ឱ្យខាងជំនាញ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តនិងរ៉ឺម៉កទៅរក្សាទុក រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab