សារព័ត៌មានពីប្រទេសអេស្ប៉ាញបានរាយការណ៍ថា លោក Jose Mourinho បានចុះកិច្ចព្រមព្រៀមបឋមជាមួយក្លឹបបិសាចក្រហម Manchester United រួចជាស្រេចបាត់ទៅហើយ។
គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះនឹងទទួលបានសំណងខូចខាត ១៥ លានផោនពីកិច្ចសន្យានេះ ប្រសិនបើគាត់មិនបានតែងតាំងនៅមុនថ្ងៃទី ១ ខែមិថុនា។
បើយោងតាមប្រភពពីភ្នាក់ងារលោក Mourinho គឺលោក Jorge Mendes បានបញ្ជាក់ថា បុរសវ័យ ៥៣ ឆ្នាំរូបនេះ បានយល់ព្រមចុះកិច្ចសន្យាដើម្បីផ្លាស់ទៅទឹកដី Old Trafford ហើយ។
ទោះជាយ៉ាងនេះក្តី បិសាចក្រហមអាចលុបចោលកិច្ចសន្យានៅពេលណាក៏បាន។ ប៉ុន្តែប្រសិនបើ Man Utd មិនបានចុះកុងត្រាផ្លូវការជាមួយលោក Mourinho ឱ្យបានមុនថ្ងៃទី ១ ខែឧសភាទេនោះ ពួកគេត្រូវតែសង ៥ លានផោនទៅឱ្យគាត់។
ហើយលោក Mourinho នឹងបាន ១០ លានផោនបន្ថែមទៀតប្រសិនបើកុងត្រានេះមិនបញ្ចប់ឱ្យរួចរាល់នៅថ្ងៃទី ១ ខែមិថុនា។
លក្ខខណ្ឌនេះត្រូវបានរួមបញ្ចូលព្រោះមន្ត្រីជាន់ខ្ពស់នៅក្លឹបបិសាចក្រហមមិនគិតថា លោក Mourinho សក្តិសមនឹងជំនួសលោក Louis van Gaal ទេ។
ប្រសិនបើ Mourinho មិនត្រូវបានតែងតាំងនោះ ក្លឹប Real Madrid នឹងចាប់យកឱកាសនេះ បើទោះបីជាគាត់ចង់ដឹកនាំតែនៅប្រទេសអង់គ្លេសក៏ដោយ៕
