ទើបចេញពីគុកនៅខេត្តកំពង់ស្ពឺ៣ឆ្នាំ, មកលក់ថ្នាំញៀនត្រូវប៉ូលិសស្រុកអង្គស្នួលវ៉ៃខ្នោះ

កណ្ដាល ៖ ប៉ូលិសស្រុកអង្គស្នួល បានបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារម្នាក់ និងដកហូតថ្នាំញៀនចំនួន៧កញ្ចប់ នៅវេលាម៉ោង១១ និង២៥នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវខ្នងប្រឡាយ ស្ថិតក្នុងភូមិព្រៃសំរោង ឃុំ ដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ រ៉េត សុភា ហៅពៅ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដំណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកវត្ថុតាដកហូតបានមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀនចំនួន៧កញ្ចប់ (តូច៣កញ្ចប់, មធ្យម២កញ្ចប់ និងធំ២កញ្ចប់), ម៉ូតូ១គ្រឿងម៉ាកហុងដាប៊ិច, ទូរស័ព្ទដៃ១គ្រឿង, កាបូបក្រវ៉ាត់ចង្កេះ១សម្រាប់ដាក់ថ្នាំញៀន និងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀតផងដែរ។

ប៉ូលិសបន្ដថា ដំបូងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដំណាក់អំពិល បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងប៉ូលិសប៉ុស្តិ៍ បានសហការជាមួយកម្លាំងប៉ូលិសជំនាញផ្នែក ប្រឆាំងគ្រឿងញៀនស្រុក ចុះទៅដល់កន្លែងកើតហេតុ។

ពេលនោះ ស្រាប់តែឃើញមុខសញ្ញាកំពុងជិះម៉ូតូតាមផ្លូវលើខ្នងប្រឡាយ ឃើញដូច្នេះ កម្លាំងសមត្ថកិច្ច ក៏ធ្វើការឃាត់ខ្លួន រួចសាកសួរ ត្រួតពិនិត្យ និងឆែកបានរកឃើញថ្នាំញៀនចំនួន៧ ក្នុងនោះកញ្ចប់តូច៣, កញ្ចប់មធ្យម២ និងកញ្ចប់ធំចំនួន២កញ្ចប់ ដែលជនសង្ស័យដាក់ក្នុងកាបូបក្រវ៉ាត់ចង្កេះ។ បន្ទាប់ពីធ្វើការឆែកឆេររួច សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋានប៉ូលិសស្រុក រួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពង់ស្ពឺ រយៈពេល៣ឆ្នាំម្ដងរួចមកហើយ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕

adverise with khmeread