Girl reading at the library

ចង់ឱ្យ​កូនៗ​ក្លាយជា​សិស្ស​ពូកែ​និង​គ្រួសារ​មាន​សុភមង្គល​ត្រូវ​សួរថា​តើ​ក្នុងផ្ទះ​មានកូន​បណ្ណាល័យ​ហើយ​ឬ​នៅ​?

    ​មិន​ថា​លោក​អ្នកជា​អ្នកមាន ឬ​អ្នកក្រ អ្នករស់នៅ​អាមេរិក​ឬ​រស់នៅ​ចិន អ្នក​ល្ងិតល្ងង់​ឬ​អ្នករៀន​ចប់​សាកលវិទ្យាល័យ​នោះទេ ឪពុកម្តាយ​ដែលមាន​សៀវភៅ​គរ​ដូច​ភ្នំ​នៅផ្ទះ​នឹង​ជួយ​បង្កើន​កម្រិត​ការអប់រំ​ដល់​កូន​ដោយ​មិនដឹង​ខ្លួន នេះ​បើតាម​ការសិក្សា​រយៈពេល ២០ ឆ្នាំ​ដោយ​លោកស្រី Mariah Evans មកពី​សាកលវិទ្យាល័យ University of Nevada សហរដ្ឋអាមេរិក ដែលជា​ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​សង្គមវិទ្យា និង សេដ្ឋកិច្ច​។

​    ​កន្លងមក​ច្រើន​ឆ្នាំ បណ្តា​សាស្ត្រាចារ្យ​គ្រូបង្រៀន​ទាំងឡាយ​គិតថា កត្តា​ជំរុញ​ការអប់រំ​កម្រិត​ខ្ពស់បំផុត​គឺ​ការ​ដែលមាន​ឪពុកម្តាយ​មានចំណេះដឹង​ខ្ពង់ខ្ពស់​។ ប៉ុន្តែ​រឿង​ផ្ទុយស្រឡះ​គឺថា ការសិក្សា​ដ៏​ធំ​មួយ​នេះ​បាន​បង្ហាញថា ភាពខុសគ្នា​រវាង​ការចិញ្ចឹម​កូន​នៅផ្ទះ​ដែល​គ្មាន​សៀវភៅ​មួយ​ក្បាលសោះ​ធៀប​នឹង​ការចិញ្ចឹម​កូន​នៅផ្ទះ​ដែលមាន​សៀវភៅ ៥០០ ក្បាល​គឺមាន​ឥទ្ធិពល​ដ៏​ធំធេង​ណាស់​ទៅលើ​កម្រិត​នៃ​ការអប់រំ​របស់​កូនៗ បើទោះបីជា​ឪពុកម្តាយ​ពួកគេ​ជា​អ្នកចេះដឹង ឬ​ល្ងិតល្ងង់​ក៏ដោយ​។ ក្មេង​ដែល​រស់នៅ​ធំធាត់​ជាមួយនឹង​បណ្តា​ល័យ​បាន​កើន​ការអប់រំ​ខ្ពស់ជាង​ក្មេង​ដែល​ពុំ​រស់នៅ​ជាមួយ​បណ្តា​ល័យ​ដល់​ទៅ ៣,២ ឆ្នាំ​ឯណោះ​។  

​    ​ក្នុងនាម​ជា​អ្នក​សង្គមវិទ្យា​មួយរូប លោកស្រី Evans មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅពេល​បាន​រកឃើញថា កូន​របស់​មនុស្ស​ដែលមាន​ការអប់រំ​ទាប​បានទទួល​អត្ថប្រយោជន៍​យ៉ាងច្រើន​ពី​ការ​ដែលមាន​សៀវភៅ​នៅក្នុង​ផ្ទះ​។ លោកស្រី​សព្វថ្ងៃ​បាន​កំពុង​ស្វែងរក​មធ្យោបាយ​ជួយ​ដល់​សហគមន៍​ក្រីក្រ​នៅ​រដ្ឋ​ណេ​វ៉ា​ដា ទាក់ទង​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអប់រំ​។

​    ​លោកស្រី​បាន​ចោទ​ជា​សំណួរ​ថា "​តើ​ប្រភេទ​វិនិយោគ​អ្វីដែល​យើង​គួរតែ​ធ្វើឡើង​ដើម្បី​ជួយ​ក្មេងៗ​ទាំងនេះ​ឱ្យ​ល្អប្រសើរ​ឡើង​? លទ្ធផល​សិក្សា​នេះ​បង្ហាញថា ការដាក់​សៀវភៅ​នៅក្នុង​ផ្ទះ​របស់​ពួកគេ​គឺជា​វិធី​មិនអាច​កាត់ថ្លៃ​បាន​ដើម្បី​ជួយ​ក្មេងៗ​ទាំងនេះ​ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​"​។

​    ​លោកស្រី Evans និយាយថា "​ទោះបី​មាន​សៀវភៅ​តិចតួច ក៏​ជួយ​ដល់​ពួកគេ​បានដែរ​"​។ ការ​ដែលមាន​សៀវភៅ​ត្រឹម ២០ ក្បាល​ក្នុងផ្ទះ​ក៏មាន​ឥទ្ធិពល​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កូនៗ​ឱ្យ​ឈានដល់​ការទទួលបាន​ការអប់រំ​កម្រិត​ខ្ពស់​បានដែរ​។ ហើយ​ការដែល​អ្នក​បន្ថែម​សៀវភៅ​រឹតតែ​ច្រើន​គឺ​រឹតតែ​ទទួលបាន​លទ្ធផល​អស្ចារ្យ​។

​    ​ក្នុងប្រទេស​មួយចំនួន​ដូចជា​ប្រទេស​ចិន ការ​ដែលមាន​សៀវភៅ ៥០០ ក្បាល​ក្នុងផ្ទះ​នឹង​ជួយ​ជំរុញ​កូនៗ​ឱ្យ​ឈានដល់​ការអប់រំ​ខ្ពស់​ដល់​ទៅ ៦,៦ ឆ្នាំ​ឯណោះ​។ ក្នុង​សហរដ្ឋអាមេរិក ប្រសិទ្ធភាព​គឺមាន​តែ ២,៤ ឆ្នាំ​ប៉ុណ្ណោះ​ធៀប​នឹង​បណ្តាល​ប្រទេស ២៧ ផ្សេងទៀត​។

​    ​គ្រួសារ​លោកអ្នក​នឹង​ចាប់ផ្តើម​មាន​ភាព​រីករាយ និង​សុភមង្គល ពេល​ចាប់ផ្តើម​មាន​បណ្តា​ល័យ​តូច​មួយ​នៅផ្ទះ ព្រោះ​កូនៗ​លោក​អ្នកនឹង​ចាប់ផ្តើម​មាន​ផ្នត់គំនិត​អាន​សៀវភៅ​តាំងពី​តូច ហើយ​ពួកគេ​ក៏​នឹងមាន​ភាពជោគជ័យ​ជាង​ក្មេង​ដទៃទៀត ដែល​ពុំ​ធ្លាប់​អាន​សៀវភៅ​ពី​តូច​៕

ប្រភព៖ sciencedaily

អ្នកនឹងចូលចិត្ត

មតិយោបល់