កំហឹងបានផ្ទុះឡើងលើអតីតសមាជិកក្រុម Westlife រវាង Kian Egan និង McFadden។
Kian បានរងការថ្នាំងថ្នាក់ចិត្តជុំវិញការបង្កើតក្រុមថ្មីឈ្មោះថា Boyzlife របស់លោក McFadden រួមដៃគ្នាជាមួយអតីតសមាជិក្រុម Boyzone គឺតារាចម្រៀង Keith Duffy។
សិល្បកររូបនេះបានប្រាប់ទៅកាន់វិទ្យុ 98FM ថាគាត់មានការទើសទាល់ចិត្តតាំងពីបុរសទាំងពីរនាក់នេះបានគ្រោងរួបរួមគ្នាសម្រាប់ដំណើរប្រគុំតន្ត្រីក្នុងពេលអនាគត។
លោក Kian បាននិយាយថា "វាពិតជាមិនយុត្តិធម៌ទេចំពោះអ្នកគាំទ្រ ពេលដែលរឿងនេះបានកើតឡើង។ អ្នកបានដឹងហើយថាក្រុម Westlife និងBoyzone ធ្លាប់បានធ្វើប្រគុំតន្ត្រីរួមគ្នា"។
"ជួយគិតមើលមនុស្សដែលបានចំណាយពេល១៥ឆ្នាំជាមួយក្រុម Westlife បែរជាមកធ្វើរឿងបែបនេះ វាពិតជាគួរឱ្យខឹងណាស់"។
គណៈកម្មការ The Voice Of Ireland រូបនេះហាក់បីដូចជាភ្ញាក់ផ្អើលចំពោះផែនការរបស់ Brian នៅក្នុងការបង្កើតក្រុមនេះ ដោយគាត់បានបន្ដថា "វាជារឿងឆ្គាំឆ្គងណាស់ ដែលសមាជិកក្រុម Westlife មួយរូបចាកចេញពីក្រុម បន្ទាប់ពីរយៈពេលបួនឆ្នាំ ហើយបែរជាមកសម្រេចចិត្តប្រើឈ្មោះពាក់កណ្តាលរបស់ក្រុមទាំងពីរបញ្ជូលគ្នាសម្រាប់អ្វីដែលពួកគេកំពុងធ្វើនេះ"។
លោក Brian អាយុ៣៥បានវាយបកវិញភ្លាមៗថា "ខ្ញុំពិតជាបាននៅក្នុងក្រុម Westlife ច្រើនជាងបួនឆ្នាំ ប៉ុន្ដែ Kian និយាយដូចជាហួសហេតុពេកហើយ"។
Kian ឆ្លើយតបវិញថា "បើសិនជាក្រុម Westlife នឹងបានរួមគ្នាម្ដងទៀត វានឹងនៅតែជាក្រុម Westlife ដដែល។ វានឹងមិនមែនជា Westlife + Boyzone ឯណា ហើយវាក៏មិនមែន Westlife និងនរណាម្នាក់នោះដែរ"៕
