ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាគេ អាវុធហត្ថខណ្ឌមានជ័យ បានផឹកស៊ីស្រវឹង ហើយជិះម៉ូតូ ដកកាំភ្លើងបាញ់មេឃមួយគ្រាប់យ៉ាងរំភើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អាវុធហត្ថខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យស្ទាក់ឃាត់បានភ្លាមកាលពីវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២១ មិនា ២០១៦ នៅតាមបណ្តោយផ្លូវ ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ។
ជនបាញ់បោះសេរីខាងលើមិនត្រូវគេបានស្គាល់ពីអត្តសញ្ញាណនោះទេ តែមានអាវុធហត្ថម្នាក់ បានបង្ហើបប្រាប់ថាជននោះជាមន្ត្រីអាវុធហត្ថខណ្ឌមានជ័យ។
ប្រភពពត៍មានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនខាងលើនេះជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ១១០ ពណ៍ក្រហម ពាក់ស្លាកលេខ 1FE-6269 ទើបចេញពីហាងផឹកស៊ីនៅតាមផ្លូវ២០០៤ ទិសដៅពីជើងទៅត្បូង។
ខណៈមកដល់មុខហាង យីហោសែនរីករាយ ជននោះក៏បានដកកាំភ្លើងពីចង្កេះបាញ់ឡើងលើ១គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អាវុធហត្ថខណ្ឌពោធិ៍សែនជ័យដែលយាមតាមហាងនៅផ្លូវ២០០៤ ចេញដេញតាម និងរាយការណ៍តាមវិទ្យុទាក់ទងឲ្យគ្រប់គោលដៅចេញជួយស្ទាក់ ហើយជនបាញ់បោះសេរីនោះបានជិះម៉ូតូគេ រត់តាមផ្លូវណតប្រ៊ីត រត់មកផ្លូវវេងស្រេង រួចបត់មករោងចក្រអគ្គីសនីទួលពង្រ ហើយជិះបត់ទៅខាងកើតប្រហែលជា១០០ម៉ែត្រក្រោយបុរី លឹម ឈាងហាក់ ក៏ត្រូវអាវុធហត្ថខណ្ឌមានជ័យចេញឃាត់បានតែម្តង៕
