ភ្នំពេញ ៖ បុរសជាកម្មកររោងចក្រម្នាក់ទើបទិញម៉ូតូថ្មីៗជិះមិនទាន់អីផង ក៏ត្រូវជនសង្ស័យមានគ្នា២នាក់ ដើរមកសួរនាំរួចមកវាយ និងបាញ់១គ្រាប់ ប្លន់យកម៉ូតូហុងដាសេ១២៥ ស៊េរី ២០១៦ មួយគ្រឿងបានសម្រេច ហើយជិះចេញទៅបាត់។
អំពើប្លន់នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃទី ២០ មិនា ២០១៦នៅចំណុចដីវាល ខាងលិចរបងរោងចក្រកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើឈ្មោះ ងិន សុភា អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ សា្នក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ ចំណែកឯម៉ូតូដែលជនសង្ស័យប្លន់យកម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរី ២០១៦ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FT-1040 រីឯជនសង្ស័យមានគ្នា២នាក់ថ្មើរជើង។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះសេ១២៥ ស៊េរី២០១៦ មកឈប់នៅចំណុចទីតាំងដីវាលខាងលិចរោងចក្រកាណាឌីយ៉ាហើយបានចុះបត់ជើងតូច ដោយពុំបានដកសោម៉ូតូនោះទេ។
ក្រោយមកក៏មានជនសង្ស័យ២នាក់ដើរមកសួរនាំថា ម៉ោង ប៉ុន្មានហើយ ភ្លាមនោះគ្នារបស់ជនសង្ស័យម្នាក់បានយកវត្ថុរឹងមកវាយ ចំថ្គាមខាងឆ្វេងជនរងគ្រោះ បណ្តាលឲ្យហូរឈាម ជនរងគ្រោះងងឹតមុខដើរចេញពីម៉ូតូប្រហែល៥ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះឡើងជិះយកម៉ូតូរបស់គេ ចេញទៅហើយបានបាញ់ចំនួន១គ្រាប់គំរាមទៀតផង។
ក្រោយពីជនសង្ស័យធ្វើសកម្មភាព ប្លន់បានសម្រេចមក ជនរងគ្រោះ បានទូរស័ព្ទប្រាប់បងប្រុស ពីហេតុការណ៍ និងបានជូនទៅដេររបួសនៅមន្ទីរពេទ្យ រួចមកទើបទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅ ដើម្បីកំណត់មុខសញ្ញា សមត្ថកិច្ចបាននាំជនរងគ្រោះ ដើម្បីចង្អុលបង្ហាញទីតាំងធ្វើសកម្មភាព និងរកឃើញសំបកគ្រាប់កាំភ្លើងរបស់ជនសង្ស័យ១គ្រាប់ម៉ាក វាន់ឌឺឡុង៕
