កូរ៉េខាងជើងនិយាយកាលពីថ្ងៃអង្គារថា ខ្លួនលែងចាប់អារម្មណ៍លើកិច្ចប្រជុំអត់ប្រយោជន៍ជាមួយអាមេរិកទៀតហើយ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីប្រធានាធិបតីដូណាល់ ត្រាំសរសេរលើ Twitter ទៅកាន់មេដឹកនាំកូរ៉េខាងជើងថា "ជួបគ្នាឆាប់ៗ!"។
សេចក្តីថ្លែងការណ៍ពីទីប្រឹក្សារបស់ក្រសួងការបរទេសកូរ៉េខាងជើងលោក Kim Kye Gwan ដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA លើកឡើងថា "ខ្ញុំបកស្រាយថាសារ Twitter របស់ប្រធានាធិបតីត្រាំកាលពីថ្ងៃទី១៧គឺដើម្បីបង្ហាញអំពីកិច្ចប្រជុំកំពូលថ្មីរវាងកូរ៉េខាងជើងនិងសហរដ្ឋអាមេរិក ប៉ុន្តែយើងលែងចាប់អារម្មណ៍លើកិច្ចប្រជុំទាំងអត់ប្រយោជន៍ជាមួយអាមេរិកទៀតហើយ"។
លោក Kim Kye Gwan លើកឡើងថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្ហាញ "ការងាករកដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ" ប៉ុន្តែវាគ្រាន់តែជាយុទ្ធវិធីពន្យារពេលប៉ុណ្ណោះ។
លោកបន្តថា "យើងលែងផ្តល់ឱ្យអាមេរិកនូវអ្វីៗដើម្បីអួតអាងតែគ្មានថ្នូរត្រឡប់មកវិញទៀតឡើយ ហើយយើងត្រូវតែទទួលបានពីអាមេរិកវិញនូវអ្វីដែលជាលទ្ធផល ដែលប្រធានាធិបតីត្រាំអួតថាជាសមិទ្ធផលរបស់គាត់"៕ ប្រភព ៖ CNN
