ភ្នំពេញ ៖ នារីពីនាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈកំពុងតែជិះម៉ូតូ ហើយមានរថយន្តឡង់គ្រីស័របើកក្នុងល្បឿនលឿនជ្រុលមកបុកពីក្រោយពេញទំហឹង រួចបន្តល្បឿនបើកគេចខ្លួនបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ នៅខាងជើងវត្តទួលទំពូង តាមបណ្ដោយម៉ៅសេទុង ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
សាក្សីដែលឃើញហេតុការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហង់ដាឃ្លីកពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1G.2630 ជិះឌុបគ្នាក្នុងល្បឿនល្មម និងធ្វើដំណើតាមបណ្ដោយផ្លូវម៉ៅសេទុងទិសដៅពីកើតទៅលិច។
ខណៈមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ មួយគ្រឿងបានបើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ក៏ជ្រុលមកបុកពីក្រោយចំម៉ូតូរងគ្រោះពេញទំហឹងបណ្ដាលឲ្យនារី២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែកឯរថយន្តឡង់ឌឺស័រក្រោយពីបង្កហេតុរួច ក៏បន្ថែមល្បឿនបើកគេចខ្លួនបាត់តែម្ដង។
ក្រោយពេលកើតហេតុ នារីរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ដោយឡែកម៉ូតូរងការខូចខាងយ៉ាងដំណំផងដែរ ហើយត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌចំការមន រងចាំប្រគល់ឲ្យម្ចាស់នៅពលក្រោយ។ ប៉ូលិសនៅមិនទាន់បញ្ជាក់ពីឈ្មោះពួកគេនៅឡើយ ៕
