adverise with khmeread Obama steps out

លោក​អូ​បា​ម៉ា​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​នៅ​ប្រទេស​សត្រូវ "​គុយបា​"

​    ​យោងតាម​វេ​ប​សាយ​ឆា​នែ​ល​ញូ​វ​ស៍​អេ​ស៊ា​ចេញផ្សាយ​ថ្ងៃទី ២១ ខែមីនា​នេះ​បានឱ្យដឹងថា លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​កាលពី​ថ្ងៃអាទិត្យ​បាន​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទី ១ ក្នុង​រយៈពេល ៨៨ ឆ្នាំកន្លងមក​នេះ​ដែល​បានធ្វើ​ទស្សនកិច្ច​ប្រទេស​គុយបា ដោយបាន​ស្វាគមន៍​ទំនាក់ទំនង​នេះ​ថា​ជា "​ឱកាស​ប្រវត្តិសាស្ត្រ​" ដើម្បី​ទុកចោល​ដោយឡែក​នូវ​ភាពជា​សត្រូវ​សង្គ្រាមត្រជាក់​រាប់​ទសវត្ស​រ៍​ជាមួយ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​។ 

​    ​ដោយបាន​ចុះទៅ​ដល់ទី​ក្រុង​ឡា​ហា​វ៉ា លោក​អូ​បា​ម៉ា​បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​សេចក្តី​ផ្តើម​មួយ​ឃ្លា​ទៅកាន់​ប្រជាជន​គុយបា​តាមរយៈ​គណនី Twitter របស់គាត់​ថា "​តើ​មាន​អ្វី​កើតឡើង​?"​។​

​    ​បន្ទាប់មក លោក​អូ​ប៉ា​ម៉ា​ក្នុង​ទឹកមុខ​ញញឹម​រីករាយ​បានបង្ហាញ​មុខ​ចេញពី​យន្តហោះ Air Force One ជាមួយនឹង​ភរិយា មី​ឆែ​ល អូ​បា​ម៉ា និង​កូនស្រី សា​សា និង​ម៉ា​លៀ ដោយ​ដៃ​កាន់​ឆ័​ត្រ​ដើម្បី​ការពារ​ខ្លួន​ពី​កម្តៅថ្ងៃ បន្ទាប់ពី​ភ្លៀងរលឹម​មួយ​មេ​។ 

​    ​លោក​អូ​បា​ម៉ា​មិនមែនជា​មេដឹកនាំ​អាមេរិក​ក្នុង​តំណែង​តែ​ម្នាក់​គត់​ដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​គុយបា​ចាប់តាំងពី​ការផ្តួលរំលំ​រដ្ឋាភិបាល​លោក ហ្វូ​ល​ជែ​ន​ស៊ីអូ បាទី​ស្តា (Fulgencio Batista) គាំទ្រ​ដោយ​អាមេរិក​ក្នុង​ឆ្នាំ ១៩២៨ ពី​សំណាក់​ទ័ព​ឈ្លប​របស់លោក ហ្វ៊ី​ដែល កា​ស្ត្រូ​ល​នោះទេ ប៉ុន្តែ​ជា​ប្រធានាធិបតី​ទីមួយ​ចាប់តាំងពី​លោក​ប្រធានាធិបតី ខាល់​វីន ឃូ​លី​ដ (Calvin Coolidge) ក្នុង​ឆ្នាំ ១៩២៨​។ 

​    ​អំឡុង​ការជួប​សំណេះសំណាល​ជាមួយ​បុគ្គលិក​ស្ថានទូត​អាមេរិក​ដែល​ទើប​បើក​ឡើងវិញ​ថ្មីថ្មោង លោក​បាន​និយាយថា "​ប្រធានាធិបតី​ឃូ​លី​ដ​បានមក​តាម​នាវាចម្បាំង គាត់​បាន​ចំណាយពេល ៣ ថ្ងៃ​ទើប​មកដល់​ទីនេះ​។ ប៉ុន្តែ​ខ្ញុំ​ចំណាយពេល​តែ ៣ ម៉ោង​ប៉ុណ្ណោះ​។ នេះ​គឺជា​ទស្សនកិច្ច​ប្រវត្តិសាស្ត្រ និង​ជា​ឱកាស​ប្រវត្តិសាស្ត្រ​"​។ 

​     សម្រាប់​ប្រជាជន​គុយបា​ដែល​សុបិន​ចង់​ចាក​ចេញពី​ភាព​ឯកោ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ដ៏​យ៉ាប់យ៉ឺន​រឹងប៉ឹង​ឡើងវិញ ទស្សនកិច្ច​នេះ​បាន​បង្កើត​នូវ​ក្តីរំភើប​ដ៏​ធំ​មិន​ធ្លាប់មាន​។ ប៉ុន្តែ​ប៉ុន្មាន​ម៉ោង​មុន​លោក​អូ​បា​ម៉ា​មកដល់​គេ​បាន​នឹកឃើញ​ភ្លាម​ដល់​ការ​គំរាម​គំហែង​ក្រោម​ការដឹកនាំ​ដ៏​តឹងរ៉ឹង​របស់​រដ្ឋាភិបាល​ពួកគេ​។ 

​    ​ក្រុម​អ្នកយកព័ត៌មាន​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP បាន​និយាយថា ប៉ូលិស​ក្នុង​ទីក្រុង​ឡា​ហា​វ៉ា​បាន​ចាប់ខ្លួន​មនុស្ស​រាប់សិប​នាក់​ពី​អង្គ​ការដែល​ហាមឃាត់​មួយ ដែល​ទាមទារ​ឱ្យមាន​ការគោរព​សិទ្ធិមនុស្ស​ច្រើនឡើង​ក្នុងប្រទេស​នេះ​។ 

​    ​ក្រុមបាតុករ​ទាំងនោះ​គឺ​បានមកពី​អង្គការ Ladies in White បង្កើតឡើង​ដោយ​បណ្តា​ភរិយា​របស់​អតីត​អ្នកទោសនយោបាយ​។ ប៉ូលិស​បាន​ប្រមូល​ពួកគេ​ដាក់​ក្នុង​រថយន្ត នៅក្រៅ​ព្រះវិហារ​មួយ ជាទី​ដែល​ពួកគេ​បាន​ប៉ុនប៉ង​រៀបចំ​ការតវ៉ា​សឹងតែ​រាល់ថ្ងៃ​អាទិត្យ​។ 

​    ​លោក​អូ​បា​ម៉ា​គ្រោង​ពិភាក្សា​ជាមួយ​មេដឹកនាំ​គុយបា លោក ប្រធានាធិបតី រ៉ា​អ៊ូ​ល កា​ស្ត្រូ នៅ​ថ្ងៃ​ចន្ទ​នេះ និង​ចូលរួម​ការប្រកួត​កីឡាបាល់បោះ​មុនពេល​ចាកចេញ​វិញ​នៅ​ថ្ងៃ​អង្គារ​។ 

​    ​ក្រុម​គណបក្ស​សាធារណរដ្ឋ និង​សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​បានធ្វើការ​រិះគន់​លោក​អូ​បា​ម៉ា​ចំពោះ​ការដោះស្រាយ​ជាមួយ​លោក​កា​ស្ត្រូ ដោយសារ​ប្រទេស​កុ​ម្មុនី​ស្ត​តឹងរ៉ឹង​មួយ​នេះ​នៅ​ខ្វះ​សេរីភាព​នយោបាយ សារព័ត៌មាន និង​សេដ្ឋកិច្ច​នៅឡើយ​៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់