ផលិតកម្ម BS & Good Day ផលិត រឿង «បេះដូងខ្វះកំដៅ» ចុះកុងត្រាជាមួយប៉ុស្តិ៍លេខ៥

ភ្នំពេញ៖បន្ទាប់ពីផលិតភាពយន្តជាច្រើនរឿង ទទួលបានជោគជ័យ ស្រាប់តែថ្មីៗនេះផលិតកម្ម BS & Good Day បានចាប់ផ្តើមផលិតរឿង «បេះដូងខ្វះកំដៅ» និងគ្រោងថវិកាផលិតប្រមាណជាង១០ម៉ឺនដុល្លារ សម្រាប់ចុះកុងត្រាជាមួយនិងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍៥។ ​  

លោក ប៊ុន ស៊ា ម្ចាស់ផលិតកម្ម បានថ្លែងបញ្ជាក់ថា នេះជាភាពយន្តភាគថ្មី ដែលផលិតកម្មរបស់លោក ផលិតអោយប៉ុស្តិ៍លេខ៥ បន្ទាប់ពីភាពយន្តរបស់លោកដែលផលិតជាច្រើនមកហើយ ហើយទទួលបានជោគជ័យ។ ភាពយន្តនេះលោកមិនទាន់ប្រកាសអោយដឹងពីខ្ទង់ចំណាយនៅឡើយទេ តែគ្រោងរហូតដល់១០ម៉ឺនដុល្លារ ប្រសិនបើរឿងមួយនេះ មានតម្រូវការដល់កម្រិតនោះពេលជាក់ស្ដែង។ 

លោក ទិត្យ ធារិទ្ធ អ្នកដឹកនាំសម្ដែង បានថ្លែងបញ្ជាក់ថា នេះភាពយន្តនិពន្ធថ្មី ដោយសាច់រឿងទាំងមូលស្ដែងឡើងពីគំនុំ  រវាងគ្រួសារពីរ និងក្រុមហ៊ុនពីរ ដែលធ្វើសកម្មភាពប្រជែងគ្នា ហើយខ្វះគុណធម៌ដាក់គ្នា ដោយសារតែភាពគុំគួន។ មួយនេះឆ្លុះបញ្ចាំងពីវិប្បដិសារីរបស់អ្នកប្រព្រឹត្តិ ដែលជាការអប់រំ កុំអោយមនុស្សយកគំនុំជាធំ។ 

លោករំពឹងថា ភាពយន្តនឹងទទួលការចាប់អារម្មណ៍ខ្ពស់ ក្រោយការផលិត។ ជាពិសេសដោយសារភាពយន្តទាំងមូល សម្ដែងដោយសុទ្ធសឹងតែជាតារាល្បីៗ ដូចជាលោក ទេព រិន្ទដារ៉ូ ជាដើម៕

adverise with khmeread