លោកប្តីខំរត់ពួនពីម៉ែប្រពន្ធរហូតឡើងពួនលើដើមឈើ ចុងក្រោយមកបែកការណ៍ដោយសារម្ចាស់ដើមឈើ

បុរសជនជាតិប្រេស៊ីលម្នាក់បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើអ៊ីនធឺណេត បន្ទាប់ពីសកម្មភាពព្យាយាមរត់គេចពីម៉ែប្រពន្ធរបស់គាត់ ត្រូវបានចាប់ជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាព នៅក្នុងទិដ្ឋភាពដ៏គួរឱ្យអស់សំណើច។

នៅក្នុងវីដេអូគេឃើញបុរសដ៏កម្សត់រូបនេះកំពុងដើរនៅតាមផ្លូវម្នាក់ឯងយ៉ាងស្ងប់ស្ងាត់។ ប៉ុន្តែបន្ទាប់ពីហាក់មិនឃើញស្រមោលប្រពន្ធរបស់គាត់នៅពីក្រោយខ្នង​ និងដើម្បីគេចចេញពីកំហឹងរបស់ប្រពន្ធគាត់ផង បុរសរូបនេះបានរកឃើញគំនិតច្នៃប្រឌិតដ៏អស្ចារ្យមួយ គឺរត់ទៅលាក់ខ្លួននៅក្នុងដើមឈើ។

វិធីសាស្រ្តនេះហាក់ដំណើរការបានយ៉ាងរលូនសម្រាប់គាត់ ដោយទុកឱ្យប្រពន្ធរបស់គាត់តាមស្វែងរកគាត់ពោរពេញទៅដោយចម្ងល់។ ជាអកុសលការគេចខ្លួនរបស់គាត់មិនបានយូរនោះឡើយ បន្ទាប់ពីម្ចាស់ផ្ទះនៅក្បែរដើមឈើនោះដេញគាត់ចុះពីលើដើមឈើ ហើយប្រពន្ធឈរនៅចាំពីមុខ៕