adverise with khmeread Index4

ឃាត់ជនសង្ស័យបាន៣៤នាក់ តែដកហូតថ្នាំញៀនបាន១កញ្ចប់តូច

      ភ្នំពេញ ៖ កម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀន រាជធានីភ្នំពេញ សហការជាមួយ កម្លាំងប៉ូលិសខណ្ឌសែនសុខដោយការសម្របសម្រួល ពីតំណាងអយ្យការ នៅព្រឹក និងរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ បានបន្តប្រតិបត្តិការ ចុះបង្ក្រាប និងចាប់ខ្លួន ជនសង្ស័យចែកចាយនិងប្រើប្រាស់គ្រឿងញៀន នៅប្លុកបឹងឈូក ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនសង្ស័យ៣៤នាក់និងដកហូតបានថ្នាំញៀន១កញ្ចប់តូច។

    លោកអធិការប៉ូលិសខណ្ឌសែនសុខបានឲ្យដឹងថា ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន៣៤នាក់ (ក្នុងនោះស្រី៥នាក់ )និងរកឃើញវត្ថុតាង ជាច្រើនដូចជា ថ្នាំសម្រាប់ជក់ និងឧបករណ៍ សម្រាប់ប្រើប្រាស់ផងដែរ។ លោកអធិការបន្តថា សម្រាប់ជនសង្ស័យទាំងនេះ និងវត្ថុត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់អធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ ដើម្បីបន្តការសួរនាំ ចាត់វិធានការ តាមនីតិវិធី។ 

     យ៉ាងណាក៏ដោយ សម្រាប់ប្រតិបត្តិការ ចុះបង្ក្រាប និងចាប់ខ្លួនជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀន នៅប្លុកបឹងឈូក ខាងលើនេះ ត្រូវបានគេមើលឃើញថា អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធបានចុះជាច្រើនលើកជាច្រើនសារ ប៉ុន្តែជាលទ្ធផល មិនទាន់មានការ ថយចុះនៅឡើយទេ ពីព្រោះនៅតំបន់នោះ ជាសំណង់មិនរៀបរយ ហើយជនល្មើសនានា បានទៅលាក់ខ្លួនពួនអាត្មានៅទីនោះដើម្បីធ្វើសកម្មភាព។     

    មជ្ឈដ្ឋានខ្លះ បានលើកឡើងថា បើអាជ្ញាធរ មិនរៀបចំតំបន់បឹងឈូក ឲ្យមានរបៀបរៀបរយនោះទេ មុខសញ្ញាជនល្មើស នានានឹងបន្តលាក់ខ្លួន ហើយប្រព្រឹត្តសកម្មភាពដដែលជាដដែល៕

adverise with khmeread

មតិយោបល់