adverise with khmeread 32663d9800000578 0 image a 9 1458501849308

បុរស​ធាត់​បំផុត​នៅ​កូ​ឡំ​ប៊ី​ត្រូវការ​មនុស្ស ២០ នាក់​សែង​ដាក់​ឡាន​ទៅ​បញ្ចុះទម្ងន់​នៅ​គ្លីនិក​

​    ​បុរស​ធាត់​បំផុត​ក្នុងប្រទេស​កូ​ឡុំ​ប៊ី​ទាល់តែ​ទូរស័ព្ទ​ហៅ​ក្រុមមនុស្ស ២០ នាក់ និង​រថយន្ត​ពន្លត់អគ្គីភ័យ​មួយគ្រឿង​ដើម្បី​នាំ​គាត់​ទៅ​គ្លីនិក​សម្រក​ទម្ងន់​មួយ​ទើប​អាច​ទទួលបាន​ការព្យាបាល​ដែល​ផ្លាស់​ប្តូរជីវិត​របស់គាត់​។ នេះ​បើ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​។ 

​    ​បន្ទាប់ពី​មាន​ទម្លាប់​ទទួលទាន​អាហារ​មិនល្អ​រាប់​ទសវត្សរ៍​មក លោក អូ​ស្ការ វ៉ា​ស្កេ​ស ម៉ូ​រ៉ា​ឡេស (Oscar Vasquez Morales) អាយុ ៤៤ ឆ្នាំ ដែលមាន​ទម្ងន់​រហូតដល់​ទៅ​ប្រហែល ៤០០ គីឡូក្រាម ត្រូវបាន​ព្រមាន​ថា ប្រសិនបើ​គាត់​មិន​ស្រក​ទម្ងន់​នោះទេ ស្ថានភាព​របស់គាត់​អាច​នឹង​ធ្វើឱ្យ​គាត់​បាត់​បង់ជីវិត​។ 

​     លោក​បាន​ខ្នះខ្នែង​សុំ​ការជួយ​ពី​អង្គការ​មូលនិធិ​បេះដូង​មួយ​ក្នុង​ទីក្រុង​ផាល់​មី​រ៉ា (Palmira) ហើយ​សំណាងល្អ ក្រុម​អ្នកជំនាញ​របស់​អង្គការ​នេះ​បាន​យល់ព្រម​ជួយ​គាត់​ជាមួយនឹង​ការវាយតម្លៃ និង​ការធ្វើ​តេស្ត​ជាច្រើន​ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​របស់​ពួកគេ​។ 

​    ​ទោះយ៉ាងណា មុនពេល​គាត់​ចាប់ផ្តើម​ការព្យាបាល​ដ៏​សំខាន់ គាត់​បាន​ប្រឈម​នឹង​ឧបសគ្គ​មួយទៀត នោះ​គឺ​ការចាក​ចេញពីផ្ទះ​របស់​គាត់​។ 

​     លោក​ម៉ូ​រ៉ា​ឡេស​ត្រូវការ​អ្នក​ជួយ​ដើម្បី​នាំ​គាត់​ធ្វើ​សកម្មភាព​សាមញ្ញៗ​ប្រចាំថ្ងៃ​ដូចជា​ចូល​បង្គន់ និង​ស្លៀកពាក់ ហើយ​គាត់​ពុំ​អាច​ដើរ​បាន​ដោយ​គ្មាន​ប្រដាប់​ជួយ​ទប់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ 

​    ​ការចាក​ចេញពីផ្ទះ​រប​ស់​គាត់​គឺ​តែងតែ​ជា​កិច្ចការ​ប្រ​វត្ត​សាស្ត្រ ប៉ុន្តែ​សំណាងល្អ នៅពេល​ក្រុម​ពន្លត់អគ្គីភ័យ​ឮដំណឹង​នេះ ពួកគេ​ក៏​ប្រញាប់​មកជួយ​នាំ​គាត់​ចាក​ចេញពីផ្ទះ​ទៅ​គ្លីនិក​តែម្តង​។ 

​    ​លោក​នឹង​ទទួល​ការព្យាបាល​ពី​អ្នកឯកទេស​ផ្នែក​អាហារូបត្ថម្ភ គ្រូពេទ្យ​ចិត្តសាស្ត្រ និង គ្រូពេទ្យ​ទូទៅ មុនពេល​ប្រឈម​ការវះកាត់​ក្រពះ​។ 

​    ​លោក​ម៉ូ​រ៉ា​ឡេស​សង្ឃឹម​ស្រក​បាន ៣០០ គីឡូក្រាម​ក្នុង​រយៈពេល ៤ ឆ្នាំ ជាមួយនឹង​ការព្យាបាល​ដែល​នឹង​អនុញ្ញាតឱ្យ​គាត់​រស់នៅក្នុង​ជីវិត​ធម្មតា​។ 

​    ​លោក​បាន​និយាយថា "​នៅពេល​គ្រួសារ​ទាំងមូល​នាំគ្នា​ដើរលេង ខ្ញុំ​នៅផ្ទះ​តែម្នាក់ឯង ព្រោះ​ខ្ញុំ​មិនអាច​ធ្វើ​ចលនា​បានទេ​។ ប៉ុន្តែ​ខ្ញុំ​នឹង​ដើរ បើទោះបីជា​ដើរ​បានតែ​ពីរ​បី​ប្លុក​អគារ​ដើម្បី​ទៅលេង​បងប្អូន​ខ្ញុំ​ក៏ដោយ​"​។ 

​    ​សូម្បី​ទៅ​បន្ទប់ទឹក​ក៏​ជា​បញ្ហា​ដែរ លោក​បាន​បន្ថែមថា "​ដើម្បី​ទៅ​បន្ទប់ទឹក ខ្ញុំ​ត្រូវតែ​ក្រោក​ចេញពី​គ្រែ​ជាមួយ​ការជួយ​ពី​គ្រួសារ​"៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់