ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរស២នាក់ ទៀតបានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ផ្សាយ៉ាន់កង់រថយន្តហើយផ្ទុះបែកកង់កាលពីវេលាម៉ោង៩ និង១៥នាទី ព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៦នេះនៅចំណុចឃ្លាំងកងវិស្វកម្មក្រសួងការពារជាតិ ស្ថិតក្នុង ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពបានឲ្យដឹងថា បុរសដែលស្លាប់ក្នុងហេតុការណ៍នោះឈ្មោះ លី ប៊ុនហ៊ាង អាយុ៤១ឆ្នាំ មានមុខ របរជាអ្នកបើកបររថយន្ត មានស្រុកកំណើតនៅភូមិព្រែកតាប៉ឹម ឃុំទឹកវិល ស្រុកស្អាង ខេត្ត កណ្តាល។
រីឯអ្នករងរបួសធ្ងន់ ទី១-ឈ្មោះ ភឹម សូ អាយុ៤០ឆ្នាំ ជាមន្ត្រីយោធាកងវិស្វកម្ម និងទី២-ឈ្មោះ សេក ឌីណា អាយុ៤៣ឆ្នាំ ជាមន្ត្រីយោធាកងវិស្វកម្ម ។ អ្នកទាំង២បានរងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលា។
ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុឈ្មោះ លី ប៊ុនហ៊ាង (ដែលបានស្លាប់ក្នុងហេតុការណ៍នោះ)បានយករថយន្តប្រភេទយីឌុប ពាក់ស្លាក លេខ ភ្នំពេញ3B-5820មកផ្សាយ៉ាន់កង់រថយន្តក្នុងឃ្លាំងនេះ។
បន្ទាប់មកតៃកុងរថយន្ត រួមនិងមន្ត្រីយោធាទាំង២នាក់បានដោះកង់រថយន្តយកមកផ្សាយ៉ាន់ព្រោះយ៉ាន់បែក។ នៅ ពេលដែលផ្សាយ៉ាននោះ គឺគេពុំបានបន្ធូរខ្យល់ឬដោះសំបកកង់ចេញពីយ៉ាននោះទេ គឺ ផ្សាផ្ទាល់តែម្តង ទើបធ្វើឲ្យសម្ពាធខ្យល់រីកមាឌ ផ្ទុះបំប៉ើងមនុស្សទាំង៣នាក់នោះ បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ធ្ងរ២នាក់ រួមនិងបំប៉ើងជញ្ជាំងនិងដំបូលស័ង្កសីផងដែរ។
ក្រោយពីកើតហេតុ អ្នករងរបួសធ្ងន់ទាំង២ត្រូវបានគេចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បី សង្គ្រោះ រីឯអ្នកស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច្ច័យ និងត្រួតពិនិត្យនៅកន្លែងកើតហេតុផងដែរ ៕
