អ្នកចាត់ការក្រុម Chelsea លោក Frank Lampard បានចោទប្រកាន់កីឡាករ Ross Barkley ថា បានបង្ហាញភាពកង្វះវិជ្ជាជីវៈ បន្ទាប់ពីត្រូវបានថតវីដេអូឃើញខ្សែបម្រើរូបនេះរាំដោះអាវនៅរង្គសាលមួយក្នុងទីក្រុងឌូបៃ។
ខ្សែបម្រើ ដែលមានបញ្ហារបួសច្រើនរូបនេះបានចូលហ្វឹកហាត់កាលពីថ្ងៃអង្គារ៍ ប៉ុន្តែមិនត្រូវបានដាក់បញ្ចូលក្នុងក្រុមជម្រើសដំបូងសម្រាប់ការប្រកួតនៅក្រុមខណ្ឌ CL ជាមួយក្រុម Valencia ទេ។
ព័ត៌មាននេះកើតមាន បន្ទាប់ពីមានការបង្ហាញសកម្មភាពបែបស្រើបស្រាលនៅក្រៅទីលានប្រកួត អំឡុងពេលសម្រាកជាលក្ខណៈអន្តរជាតិ។នេះគឺជាលើកទី២ហើយនៅរដូវកាលនេះ ដែលកីឡាករ Barkleyបានបង្ហាញឥរិយាបថគ្មានវិន័យ។ មុនពេលធ្វើដំណើរប្រកួតជាមួយក្រុម Lille កាលពីខែកញ្ញា Barkleyក៏មានជម្លោះជាមួយអ្នកបើករថយន្តតាកស៊ីជុំវិញរឿងកំពប់ដំឡូង។
នៅពេលនោះ Lampard បានហៅBarkley ថា ជាមនុស្សអត់យល់ការ ហើយកាលពីថ្ងៃអង្គារ គ្រូបង្វឹករូបនេះបានព្រមានខ្សែបម្រើរូបនេះជាលើកទី២ផងដែរ៕
