គ្រឿងក្នុងចម្រុះសត្វជ្រូកជាងមួយតោនត្រូវបានដុតកម្ទេចចោល

បន្ទាយមានជ័យ ៖ គ្រឿងក្នុងចម្រុះសត្វជ្រូកចំនួន១,០៩៤គីឡូក្រាម ដឹកតាមរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិ មុនី ពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យត្រូវបានកម្លាំងប៉ូលិសប្រឆាំងបទល្មើសខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីជំនាញការិយាល័យបសុព្យាបាលខេត្តដុតបំផ្លាញចោលនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩។

ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ដោយអនុវត្តតាមបទបញ្ជារបស់លោកស្នងការខេត្ត ក្នុងការទប់ស្កាត់នូវរាល់បទល្មើសចំណីអាហារដែលនាំចូលខុសច្បាប់ពីប្រទេសជិតខាង ខ្វះការត្រួតពិនិត្យពីមន្ត្រីជំនាញ ដែលបង្កឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ អ្នកទទួលទាននោះ។ 

 នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អកម្លាំងប៉ូលិសការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះធ្វើការត្រួតពិនិត្យឆែកឆេរ រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿងរបស់ក្រុមហ៊ុន រិទ្ធ មុនី ម៉ាកមីតស៊ុយប៊ីហ្ស៊ី ពណ៌ខៀវ ផលិតឆ្នាំ១៩៩៨ ពាក់ស្លាកលេខ បាត់ដំបង 3A 0224​ បានលួចបង្កប់ផលិតផលដើមកំណើតពីសត្វ(គ្រឿងក្នុងជ្រូកចម្រុះ) និងធ្វើការឃាត់នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

បន្ទាប់មកក៏នាំយក កាន់ស្នងការដ្ឋានប៉ូលិសខេត្តហើយនៅល្ងាចថ្ងៃដដែលនោះ ក៏មានការត្រួតពិនិត្យពីមន្ត្រីជំនាញ បសុព្យាបាលខេត្ត មកចូលរួមសហការក្នុងត្រួតពិនិត្យឃើញមានគ្រឿងក្នុងជ្រូកចម្រុះចំនួន១៦កេសរួមមាន ឆ្អឹងជំនីជ្រូក ទម្ងន់២០២គីឡូក្រាម , អណ្តាតជ្រូក៧០ទម្ងន់គីឡូក្រាម, ត្រចៀកជ្រូកទម្ងន់២២២គីឡូក្រាម, បេះដូងជ្រូកទម្ងន់៨៧គីឡូក្រាម, ខួរជ្រូកទម្ងន់ ៦៧គីឡូក្រាម, ពោះវៀនជ្រូកទម្ងន់ ២៧៧គីឡូក្រាម, ក្រលៀនជ្រូកទម្ងន់៨៧គីឡូក្រាម, ក្រពះជ្រូកទម្ងន់ ៨៥គីឡូក្រាម សរុបទាំងអស់ ១,០៩៤គីឡូក្រាម។

យោងតាមចម្លើយរបស់អ្នកបើករថយន្តឈ្មោះ សៅ នរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានសារភាព​ថា  ខ្លួនទើបស៊ីឈ្នួលដឹកគ្រឿងក្នុងជ្រូកនេះបានចំនួន២លើក យកនៅចំណុចទល់មុខវត្តម៉ុងចិន ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

ចំពោះម្ចាស់គ្រឿងក្នុងជ្រូកនោះ គេមិនស្គាល់អត្តសញ្ញាណទេ ទាក់ទងគ្នាតាមទូរស័ព្ទ ដោយដឹកទៅដល់ភ្នំពេញ មានអ្នកចាំទទួលយកនៅផ្សារធំថ្មី។ ចំពោះការដឹកនេះ គឺខ្លួនគឺជាការដឹកជញ្ជូនយកកម្រៃក្រៅផ្ទាល់ខ្លួន ក្នុង១កេសតម្លៃ២ម៉ឺនរៀល ពុំពាក់ព័ន្ធនឹងក្រុមហ៊ុន រិទ្ធ មុនីឡើយ។ 

បើយោងតាមចម្លើយសារភាពរបស់ឈ្មោះ សូត្រ សុគន្ធរស់ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទំនិញក្នុងរថយន្តគ្រឿងក្នុងចម្រុះជ្រូក ចំនួន១៦កេស គឺជារបស់ខ្លួន ដែលបានទិញមកពីជនជាតិថៃនៅផ្សារឡុងឃ្លឿង។ ​ការលក់ទំនិញនេះមាន រយៈពេល២ខែកន្លងមកហើយ គឺពុំមានការត្រួតពិនិត្យពីមន្ត្រីជំនាញ ឬឯកសារបញ្ជាក់នោះឡើយ ដោយដឹកតាមរថយន្តទៅឱ្យអ្នកទិញនៅភ្នំពេញ ចាំទទួលយកនៅផ្សារធំថ្មី។

តាមមន្ត្រីបសុព្យាបាលខេត្តបានបញ្ជាក់ថា គ្រឿងក្នុងជ្រូកនេះមាន ការវេចខ្ចប់ពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយការនាំចូលពុំការឯកសារ លិខិតអនុញ្ញាត ពីស្ថាប័នជំនាញ ត្រួតពិនិត្យបានច្បាស់លាស់ គឺលួចនាំចូលដោយខុសច្បាប់ វាអាចមានផលប៉ះពាល់ដល់អ្នកទទួលទាន។ ដូច្នេះក្រុមការងារបានសម្រេចនាំយកគ្រឿងក្នុងជ្រូកទាំងនេះទៅដុត និងកប់ចោល នៅរសៀលថ្ងៃអាទិត្យ។ ចំណែកអ្នកបើកបរ និងម្ចាស់ទំនិញ សមត្ថកិច្ចកំពុងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab