អ្នកជំងឺក្រលៀនរ៉ាំរ៉ៃអាយុ ២២ ឆ្នាំសុំអង្វរឪពុកជំពាក់បំណុលគេវ័ណ្ឌក ឱ្យឈប់ចំណាយលើការព្យាបាលនាង ដើម្បីយកលុយទៅសង្គ្រោះប្អូនប្រុសអាយុ៨ឆ្នាំ កើតជំងឺមហារីកឈាម, តែឪពុកឆ្លើយមួយម៉ាត់ ទប់ទឹកភ្នែកលែងជាប់

ស្ត្រីមានជំងឺធ្ងន់ធ្ងរម្នាក់ដែលត្រូវពឹងផ្អែកលើការព្យាបាលដោយការបញ្ចូលឈាមជាប្រចាំដើម្បីរស់ បានសុំឪពុកនាងបញ្ឈប់ការព្យាបាលសម្រាប់នាង ដូច្នេះគាត់អាចប្រើលុយនោះដើម្បីជួយសង្គ្រោះប្អូនប្រុសអាយុ ៨ ឆ្នាំរបស់នាង ដែលកើតជំងឺមហារីកឈាម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២ធ្នូ។

នាង Li Nana អាយុ ២២ ឆ្នាំធ្វើរោគវិនិច្ឆ័យឃើញកើតជំងឺក្រលៀនរ៉ាំរ៉ៃកាលពីឆ្នាំមុន ហើយការព្យាបាលតែមួយគត់សម្រាប់ជំងឺនេះគឺការប្តូរក្រលៀន។

ឪពុកម្តាយរបស់នាង ដែលជាកសិករមកពីភាគកណ្តាលប្រទេសចិន បានជំពាក់បំណុលគេវ័ណ្ឌកដើម្បីតែខ្ចីលុយមកព្យាយាមឱ្យនាង ប៉ុន្តែប៉ុន្មានខែក្រោយមកកូនប្រុសពៅរបស់ពួកគាត់ឈ្មោះ Li Zhifei ត្រូវបានពិនិត្យឃើញកើតជំងឺមហារីកឈាម។

នាង Nana និយាយទាំងទឹកភ្នែកនៅលើគ្រែអ្នកជំងឺនៅមន្ទីរពេទ្យ Song County People's Hospital ក្នុងទីក្រុង Luoyang ខេត្ត Henan ថា "ឪពុកអើយ កុំព្យាបាលខ្ញុំអី បើពុកអត់មានដំណោះស្រាយផ្សេងទេ ប្រើលុយហ្នឹងព្យាបាលប្អូនខ្ញុំទៅ វាអាចមើលថែពុកឯងបាន នៅពេលពុកចាស់ទៅ"។

នាង Nana បានបន្តទាំងទឹកភ្នែកប្រាប់ទៅវេបសាយវីដេអូចិន Pear ថា "ប្អូនខ្ញុំវានៅក្មេងណាស់ ខ្ញុំមិនចង់ឱ្យវារងទុក្ខលំបាកទាំងវានៅក្មេងទេ។ ប្រើលុយដើម្បីជួយព្យាបាលវាឱ្យឆាប់ជាសះស្បើយ។ ខ្ញុំមិនអីទេ"។

នាងបានបន្ថែមថា "ខ្ញុំសង្ឃឹមថាឪពុកខ្ញុំអាចស្វែងរកការព្យាបាលបានត្រឹមត្រូវសម្រាប់វា"។

ការទាមទាររបស់នាងត្រូវបានឪពុកឈ្មោះ Li Jianhui បដិសេធដាច់ខាត ដោយគាត់សុខចិត្តលក់គោទាំងអស់និងខ្ចីប្រាក់គេជាង ២០០.០០០ យ័នដើម្បីបង់ថ្លៃព្យាបាលជំងឺរបស់កូនទាំងពីររបស់គាត់។

ឪពុកខូចចិត្តរូបនេះ ដែលជាមេគ្រួសារតែម្នាក់គត់ បាននិយាយថា "ខ្ញុំនឹងព្យាបាលកូនខ្ញុំឱ្យស្មើភាពគ្នា។ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសង្គ្រោះកូនខ្ញុំ ទោះបីខ្ញុំត្រូវលក់ឈាមឱ្យគេក៏ដោយ"។ 

ក្រៅពី Nana និង Zhife លោក Li ក៏ត្រូវមើលថែកូនស្រី២នាក់ទៀតដែរ គឺកូនស្រីឈ្មោះ Li Xiaona អាយុ ១៥ ឆ្នាំ និង កូនស្រីឈ្មោះ Li Yuna អាយុ ១០ ឆ្នាំ ក៏ដូចជាម្តាយចាស់ជរានិងពិការជើងផងដែរ។ 

វេជ្ជបណ្ឌិតបានប្រាប់លោក Li ថា​ គាត់ត្រូវត្រៀមប្រាក់បន្ថែម ៦០០.០០០ យ័នទៀតដើម្បីប្តូរក្រលៀនឱ្យ Nana និង ប្តូរខួរឆ្អឹងខ្នងឱ្យ Zhifei។ 

លោក Li បានបន្ថែមថា "ដរាបណាខ្ញុំនៅរស់ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីចេញថ្លៃព្យាបាលដល់កូនៗរបស់ខ្ញុំ"៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab