លោកយាយទួតអាយុ១០៧ឆ្នាំទៅចូលរួមមង្គលការ មកវិញឆ្លៀតយកស្ករគ្រាប់មួយឱ្យកូនស្រីអាយុ ៨៤ ឆ្នាំ ប្រតិកម្មរបស់កូនស្រីគឺដូចគាត់កំពុងនៅកុមារភាព

នេះគឺជាទិដ្ឋភាពដ៏អស្ចារ្យមួយ ដែលជីដូនវ័យ ៨៤ឆ្នាំមួយរូប បង្ហាញនូវក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីទទួលបានស្ករគ្រាប់ពីម្តាយវ័យ ១០៧ឆ្នាំរបស់គាត់។

ទិដ្ឋភាពដ៏គួរឱ្យរំភើបមួយនេះ ត្រូវបានផ្តិតក្នុងកាមេរ៉ាវីដេអូ បន្ទាប់ពីបញ្ចប់ពិធីមង្គលការមួយក្នុងខេត្តហឺណាន ភាគកណ្តាលប្រទេសចិនកាលពីថ្ងៃអាទិត្យ។

យោងតាមវេបសាយវីដេអូ Pear បានឱ្យដឹងថា បុរសម្នាក់បាននាំជីទួតអាយុ ១០៧ ឆ្នាំរបស់គាត់ទៅចូលរួមពិធីមង្គលការកូនស្រីរបស់មិត្តម្នាក់ ដែលបានផ្តល់ស្ករគ្រាប់ជាកាដូចំណងដៃសម្រាប់ភ្ញៀវចូលរួម។

ជីទួតជរារូបនេះ ដែលបង្ហាញខ្លួននៅក្នុងពិធីមង្គលការជាមួយនឹងអាំងប៉ាវក្រហមមានលុយមួយយ័ន (០,១៤ដុល្លារ) សម្រាប់កូនកំលោះក្រមុំថ្មីថ្មោង មិនបានទទួលទានបង្អែមក្នុងពិធីនោះទេ ហើយជំនួសមកវិញគាត់បានយកស្ករគ្រាប់មួយនៅលើតុភ្ញៀវដាក់ចូលក្នុងហោប៉ៅរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ។ ពេលដែលគាត់ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានហុចស្ករគ្រាប់នោះទៅកូនស្រីរបស់គាត់។

ចៅទួតរបស់គាត់បានប្រាប់ទៅកាសែត Sin Chew Daily ថា "មានស្ករទុកចោលនៅលើតុសម្រាប់ភ្ញៀវ ហើយគាត់បានយកវាមួយគ្រាប់ដាក់ចូលក្នុងហោប៉ៅគាត់។ ពេលដែលគាត់មកដល់ផ្ទះ គាត់បានផ្តល់វាទៅឱ្យកូនស្រីច្បងរបស់គាត់"។

កូនស្រីច្បងរបស់គាត់រូបនេះ គឺជាម្តាយមីងបង្កើតរបស់គាត់ ដែលមានវ័យ ៨៤ឆ្នាំ។ គាត់បានបន្ថែមថា "ពេលដែលគាត់បានផ្តល់វាឱ្យទៅម្តាយមីងរបស់ខ្ញុំ ម្តាយមីរបស់ខ្ញុំបានទទួលវាដោយស្នាមញញឹមបិទមាត់មិនជិត។ វាគឺហាក់ដូចជាស្នាមញញឹមក្មេងៗ ពេលដែលពួកគេទទួលបានស្ករគ្រាប់អ៊ីចឹង"។

ប្រតិកម្មរបស់ជីដូនចំណាស់ ៨៤ឆ្នាំរូបនេះត្រូវបានថតបានយ៉ាងល្អឥតខ្ចោះនៅក្នុងវីដេអូមួយ ដែលបានទាក់ទាញបេះដូងមនុស្សរាប់ពាន់នាក់នៅលើបណ្តាញសង្គម។

ចៅប្រុសខាងលើបាននិយាយថា "ម្តាយមីងប្រហែលជាមានវ័យ ៨៤ ឆ្នាំពិតមែន ប៉ុន្តែក្នុងកែវភ្នែករបស់ម្តាយគាត់ គាត់នៅតែជាក្មេងស្រីតូចជានិច្ច"៕

 

adverise with khmeread