បុរសម្នាក់បើកម៉ូតូបុកសត្វគោដើរឆ្លងផ្លូវស្លាប់ភ្លាមៗ

កណ្ដាល ៖ បុរសម្នាក់បើកម៉ូតូបានបុកសត្វពាហនៈ(គោ)កំពុងដើរឆ្លងផ្លូវបណ្ដាលឱ្យដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗនៅ នៅវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះស្លាប់ឈ្មោះ ញិល ខុំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកម្ចាស់សត្វពាហនៈឈ្មោះ ប៉ឹង ហាំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ។

ប៉ូលិសបន្ដថា ដំបូងម្ចាស់សត្វពាហនៈឈ្មោះ ប៉ឹង ហាំ បានដឹកគោរបស់ខ្លួនឡើងមកពីឱ្យស៊ីស្មៅនៅឯងបឹងវិញឡើងមកផ្ទះដោយដឹកតាមបណ្ដោយផ្លូវជាតិលេខ២១ ។លុះដឹកមកដល់ចំណុចកើតហេតុ ម្ចាស់សត្វគោបានបណ្ដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមានម៉ូតូមួយគ្រឿង បើកបរដោយឈ្មោះ ញិល ខុំ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនលឿន និងពុំបានប្រុងប្រយ័ត្នផងនោះ ក៏បានជ្រុលទៅបុកសត្វពាហនៈដែលកំពុងឆ្លងផ្លូវ បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលទៅនឹងផ្លូវស្លាប់ភ្លាមៗ ។

ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសចរាចរណ៍ស្រុក បានចុះទៅដល់ចំណុចកើតហេតុ រួចធ្វើការពិនិត្យ វាស់វែងដោយបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកដឹកគោឆ្លងថ្នល់ ឯអ្នកបើកបរម៉ូតូ ធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ។ 

បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដោយឡែកសត្វពាហនៈ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាជាមួយម្ចាស់ឱ្យមើលថែរជាបណ្ដោះអាសន្នសិន ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16