ចោរ២នាក់ឆក់កាបូបលុយបានសម្រេច,តែរត់មិនបានសម្រេច

កណ្ដាល ៖ ជនសង្ស័យគ្នា២នាក់ជិះម៉ូតូឌុបគ្នា បានមកធ្វើសកម្មភាពឆក់កាបូបលុយពីក្នុងដៃនារីរងគ្រោះម្នាក់ រួចព្យាយាមជិះរត់គេចខ្លួន តែពុំបានសម្រេច ត្រូវបានប៉ូលិសស្រុកអង្គស្នួលកំពុងជិះល្បាត ឃើញទាន់ក៏ជិះម៉ូតូដេញតាម រហូតឃាត់ខ្លួនបានភ្លាមៗនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ សុង ចាន់ថុល ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២-ឈ្មោះ គិន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិត មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកល្វា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ 

ចំណែកនារីរងគ្រោះឈ្មោះ ខែម សូលីម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិសល់ដី ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមាន ម៉ូតូ១គ្រឿង ម៉ាកស៊ុយហ្ស៊ូគីឡែត ពណ៌ទឹកមាសលាយស ពាក់ស្លាកលេខ ភ្នំពេញ1HY-4342 ។

ប៉ូលិសបន្ដថា ជនរងគ្រោះបានជិះម៉ូតូពីផ្សារអង្គស្នូលត្រឡប់មកផ្ទះវិញ ដោយមានកាន់កាបូបជាប់នឹងដៃ ខណៈជិះមកដល់មុខវត្តអង្គសម្ពលី ស្រាប់តែឃើញម៉ូតូរបស់ជនសង្ស័យជិះវ៉ាទៅមុខ ហើយងាកមកមើលជនរងគ្រោះ ឃើញជនរងគ្រោះកាន់កាបូបជាប់ដៃ។

 ភ្លាមនោះជនសង្សយ័បានបន្ថយល្បឿនម៉ូតូ ដោយចាំឱ្យជនរងគ្រោះបើកម៉ូតូវ៉ាទៅមុខមុន បន្ទាប់មកជនសង្ស័យបានបើកម៉ូតូទៅទន្ទឹមគ្នាហើយ ជនសង្ស័យដែលអង្គុយខាងក្រោយ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះបានហើយបើកម៉ូតូរត់គេច។

ភ្លាមនោះ ជនរងគ្រោះបានដួលម៉ូតូ ហើយស្រែកឆោឡោឱ្យគេជួយ ស្របពេលនោះ កម្លាំងប៉ូលិសកំពុងល្បាតតាមដងផ្លូវ ក៏បានជិះម៉ូតូដេញតាមពីក្រោយ រួមទាំងកម្លាំងប្រជាការពារបាននាំគ្នាជួយស្ទាក់ រហូតឃាត់ខ្លួនជនសង្ស័យបាននៅចំណុចខ្នងប្រឡាយតាហោ ស្ថិតក្នុងភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល រួចបញ្ជូនមកអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread