ឆក់ទូរស័ព្ទពីនារីម្នាក់កំពុងជិះម៉ូតូតាមផ្លូវបានសម្រេចត្រូវប៉ូលិសវ៉ៃខ្នោះម្នាក់, រត់រួចម្នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ចំណោម២នាក់ត្រូវបានប៉ូលិសខណ្ឌដូនពេញវ៉ៃខ្នោះបន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរស័ពកទដៃពីនារីម្នាក់បានសម្រេច នៅថ្ងៃទី០៦ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង​៦ល្ងាច​ នៅចំណុច​មុខសណ្ឋាគារហ៊ីម៉ារី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ​១សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ហេង យ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកម៉ូតូចំនួន០១គ្រឿងម៉ាកមីអូពណ៌សលាយខៀវ​ពាក់ស្លាកលេខភ្នំពេញ 1BA-5877 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាពនិង
ទូរស័ព្ទ​ដៃចំនួន​០១គ្រឿង​ម៉ាក​អាយហ្វូន8ផ្លើសពណ៌សជារបស់​ជន​រងគ្រោះ​។ ចំណែកជនរងគ្រោះឈ្មោះ​ ភ្លី សារ៉ស់ ភេទ​ស្រី ​អាយុ​១៨ឆ្នាំ​មុខរបរលក់ដូរស្នាក់​នៅ​ផ្ទះលេខ​១១៩៩Eo ផ្លូវជាតិលេខ៥សង្កាត់​ច្រាំងចំរេះខណ្ឌឫស្សីកែវ។

ប៉ូលិសបន្តថា ដំបូងនារីរងគ្រោះបានជិះម៉ូតូម៉ាកស្តូពីពណ៌សចេញពីផ្សារអ៉ីអនទី១តាមផ្លូវព្រះស៊ីសុវត្ថិពីទិសខាងត្បូងទៅខាងជើង។ ពេលជិះម៉ូតូមកដល់ចំណុចមុខសណ្ឋាគារហ៊ីម៉ារី ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខខណ្ឌដូនពេញស្រាប់តែមានជនសង្ស័យ២នាក់ឈ្មោះហេង យ៉ា ភេទប្រុសនិងឈ្មោះ ហ្សា ភេទប្រុស បានជិះម៉ូតូមួយគ្រឿងម៉ាកមីអូពណ៌សលាយខៀវ មកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីគ្លប់ម៉ូតូខាងមុខរបស់ជន​រងគ្រោះ​ បានសម្រេច​ហើយ​ជិះម៉ូតូ​គេច​ខ្លួន។

​ភ្លាម​នោះជនរងគ្រោះស្រែកឆោឡោ ក៏ត្រូវបានកម្លាំងប៉ូលិសឈរជើង ពួនស្ទាក់តាមគោលដៅរបស់ប៉ុស្តិ៍ និងកម្លាំងប៉ូលិសល្បាតបង្ការទប់ស្កាត់បទល្មើសរបស់ខណ្ឌបានអន្តរាគមន៍ដេញតាមពីក្រោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះហេង យ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកម៉ូតូព្រមទាំង​វត្ថុ​តាងទូរស័ព្ទដៃរបស់ជនរងគ្រោះនិងម៉ូតូរបស់ជនសង្ស័យនាំ​មកកាន់​​ប៉ុស្តិ៍​រដ្ឋបាលចតុមុខធ្វើការសាកសួរ។

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ហ្សា ភេទប្រុស អាយុប្រហែល១៦ឆ្នាំ ដែលជាអ្នកអង្គុយខាងក្រោយនិងបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានបោះចោលនៅកន្លែងកើតហេតុរត់គេចខ្លួនបាត់៕

adverise with khmeread