ទូរស័ព្ទដៃថ្មី "iPhone SE" បានបង្ហាញខ្លួនហើយកាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារនៅលើវេទិកានៃព្រឹត្តិការណ៍បង្ហាញទូរស័ព្ទដែលគេហៅថា "Let us loop you in" ក្នុង Cupertino។
ទូរស័ព្ទដៃ iPhone SE នេះប្រើនូវ Apple Chip A9 និង M9 motion coprocessor។ ក្រុមហ៊ុនបានកត់សម្គាល់ថាការកែលម្អលើតួរបស់វាធ្វើឲ្យទូរស័ព្ទនេះមានសមត្ថភាពក្រាហ្វិកដូច iPhone 6s ចឹង។
ការកែលម្អដ៏ធំរបស់ទូរស័ព្ទ iPhone SE គឺវាមានកាមេរ៉ាទំហំ១២មេហ្គាផិកស៊ែល ដែលមានសមត្ថភាពថតក្នុងកម្រិត 4k , Focus Pixels, True Tone Flash, មុខងារសញ្ញារូបភាពថ្មី និងថត Panoramas រហូតដល់ទៅ៦៣មេហ្គាផិកស៊ែល។
ទូរស័ព្ទនេះប្រើនូវ NFC Chip ដែលមានន័យថា Apple Pay នឹងត្រូវបានគាំទ្រ មិនដូច iPhone ៤អ៊ីញស៊េរីចាស់ទេ។
ដូចការរំពឹងទុកនៃពាក្យចចាមអារ៉ាម ទូរស័ព្ទដៃ iPhone ថ្មីនេះគឺមានអេក្រង់៤អ៊ីញពិតប្រាកដមែន ហើយមានតម្លៃធូរថ្លៃថែមទៀត។ ប៉ុន្ដែ iPhone 7 មិនបានចេញដូចពាក្យចចាមអារ៉ាមទេក្នុងព្រឹត្តិការណ៍នេះ។
ហើយនេះគឺមូលហេតុដែលក្រុមហ៊ុន Apple បង្កើតនូវទូរស័ព្ទដៃទំហំ ៤អ៊ីញ ដោយសារអ្នកប្រើប្រាស់ភាគច្រើននិយមប្រើទូរស័ព្ទដៃ iPhone 5s។
ទូរស័ព្ទ iPhone SE ៤អ៊ីញនេះមានកន្លែងផ្ទុកទិន្នន័យ ១៦ជីហ្គាប៊ៃ និង៦៤ជីហ្គាប៊ៃ និងមានតម្លៃចាប់ពី៣៩៩ដុល្លារឡើងទៅនិងដាក់លក់នៅលើទីផ្សារនៅថ្ងៃទី៣១ខែមីនាខាងមុខនេះ៕
