ស្ត្រីភាគច្រើនប្រើកន្សែងត្រជាក់ជូតសម្អាតគ្រឿងតុបតែងមុខព្រោះវាមានភាពងាយស្រួល និងមើលទៅហាក់ជាជម្រើសសម្អាតស្បែកដ៏ល្អបំផុត ប៉ុន្តែអ្វីដែលោកអ្នកពុំដឹងគឺថា ការយកកន្សែងត្រជាក់ជូតគឺមិនល្អដល់ស្បែកមុខនោះឡើយ។
មនុស្សជាច្រើនបាននិយាយថា បន្ទាប់ពីប្រើកន្សែងត្រជាក់ជូតសម្អាតគ្រឿងសម្អាងរួច ពួកគេបានរលាកស្បែកមុខ និងឡើងក្រហមលើមុខ។
អ្វីដែលលោកអ្នកត្រូវចាប់អារម្មណ៍យកចិត្តទុកដាក់គឺត្រូវស្វែងរកដំណោះស្រាយត្រឹមត្រូវសម្រាប់ប្រភេទស្បែក។ រឿងដ៏សំខាន់មួយនេះត្រូវបានគេមើលរំលង បន្ទាប់ពីផាត់មុខមាត់ពួកគេរួច។ ជាងនេះទៅទៀត ទឹកដោះគោឆៅ និង សំឡីជូតលាងដំបៅត្រូវគេបំភ្លេចចោល នៅពេលផលិតផលកន្សែងត្រជាក់ដាក់លក់ពេញទីផ្សារ។
ស្ត្រីភាគច្រើនចាប់ផ្តើមប្រើកន្សែងត្រជាក់ដោយសារវាសាមញ្ញ ងាយស្រួល និងលឿន ហើយពួកគេមិនបានជ្រើសរើសការសម្អាតដោយប្រើទឹកដោះគោឆៅ និងសំឡីនោះទេ។
* មូលហេតុអ្វីបានជាថាកន្សែងត្រជាក់មិនល្អចំពោះស្បែកមុខ?
អ្វីដែលលោកអ្នកមិនដឹងគឺថា កន្សែងត្រជាក់អាចបង្កឱ្យកើតមុន និងស្បែកជ្រីវជ្រួញ។ តាមការបង្ហាញបែបវិទ្យាសាស្ត្រគឺថា កន្សែងត្រជាក់ពុំបានសម្អាតគ្រឿងតុបតែងលើមុខអស់នោះទេ ហើយផ្ទុយកមវិញវាបានធ្វើឱ្យកង្វក់ពេញមុខរបស់លោកអ្នកទាំងស្រុងតែម្តង។ មួយវិញទៀត ជាតិទឹកដាក់លើកន្សែងត្រជាក់ពុំមានចំនួនគ្រប់គ្រាន់ដើម្បីសម្អាតស្បែកឱ្យស្អាត ១០០% នោះទេ។
កន្សែងត្រជាក់ងាយស្រួលប្រើពិតមែន ប៉ុន្តែកន្សែងត្រជាក់បានផ្ទុកនូវសារធាតុគីមីខ្លះៗផងដែរ។ ដោយសារគេត្រូវរក្សាទុកកន្សែងត្រជាក់នៅតាមធ្នើរលក់ក្នុងហាងរយៈពេលយូរ ដូច្នេះគេត្រូវប្រើសារធាតុរក្សាគុណភាពរបស់វា។
ជាងនេះទៅទៀត បញ្ហាមួយផ្សេងទៀតក៏កើតឡើងដែរ នៅពេលសម្អាតម៉ាស្ការ៉ា និងម្សៅផាត់ភ្នែកចេញអស់ភ្លាមៗ។ ការធ្វើបែបនេះប្រញាប់ប្រញាល់ពេកអាចធ្វើឱ្យស្បែកនៅរង្វង់ភ្នែកឆាប់ជ្រីវជ្រួញ។ នៅពេលតំបន់ជុំវិញភ្នែករលាក វានឹងនាំទៅដល់ការឡើងក្រហមលើស្បែក ហើម និងកើតមុនតែម្តង៕
