ខ្លាសំណព្វ កំពុងប្រលែងលេងជាមួយពួកវានៅក្នុងទ្រុង ស្រាប់តែវាលេងមែនទែន

អ្នកអភិរក្សសត្វព្រៃនៅរដ្ឋកាលីហ្វ័រញ៉ាម្នាក់ត្រូវបានវាយប្រហារដោយសត្វខ្លាពីរក្បាល នៅពេលសត្វកាចសាហាវទាំងពីរកំពុងព្យាយាមលេងជាមួយលោកស្រីនៅឯដែនជម្រកសត្វព្រៃមួយកន្លែង។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យ។

លោកស្រី Patty Perry អាយុ ៦៦ ឆ្នាំ ស្ថាបនិកនៃអង្គការអភិរក្សបរិស្ថានសត្វព្រៃ (WEC) បានស្ថិតនៅក្នុងទ្រុងខ្លានៅឯដែនជម្រកសត្វព្រៃ Moorpark កាលពីថ្ងៃសៅរ៍ នៅពេលម៉ោងប្រលែងលេងជាមួយខ្លាប្រែក្លាយជាពេលវេលាដ៏រន្ធត់។

ខ្លាមួយដែលមកពីរដ្ឋ Bengal ប្រទេសឥណ្ឌាបានទាញជើងលោកស្រី Perry បណ្តាលឱ្យដួល មុនពេលខ្លាមួយក្បាលទៀតជាន់ពីលើ និង យកក្រញាំខ្វាចលើលោកស្រី។

បុគ្គលិកនៃទីជម្រកសត្វនេះអាចទាញលោកស្រី Perry ចេញពីទ្រុងទាន់ពេល ប៉ុន្តែមិនមែនមុនពេលដែលនាងបានរងរបួសដាច់រយះធ្ងន់ធ្ងរ និង មានស្នាមរបួសជាច្រើនកន្លែងទៀតចំក្បាលនិងស្មានោះទេ។

មេធាវីរបស់ WEC គឺលោក Michael Bradbury បាននិយាយថា លោកស្រី Perry មិនជឿថាសត្វដែលមានទម្ងន់ប្រហែល ២៧២ គីឡូក្រាមប៉ុនប៉ងធ្វើបាបលោកស្រីនោះទេ។

លោក Bradbury បានប្រាប់ KABC ថា "មានមនុស្សជាច្រើនដែលខ្ញុំប្រាកដក្នុងចិត្តថា បានឃើញទិដ្ឋភាពគួរឱ្យរន្ធត់នេះ ដោយនឹកគិតថាអាក្រក់បំផុត។ Perry បាននិយាយថាច្បាស់ណាស់ពួកវាលេងជាមួយលោកស្រី ព្រោះពួកវាស្រឡាញ់លោកស្រី។ លោកស្រីបានចិញ្ចឹមពួកគេតាំងពីតូច"។

លោក Bradbury បាននិយាយថា មានការខូចចិត្តចំពោះឧបទ្ទវហេតុនេះ។ WEC គឺជាផ្ទះរបស់សត្វជាង ៥០ ក្បាលរួមមានសត្វសេះបង្កង់ សត្វបក្សីព្រៃ និងខ្លារខិន៕

adverise with khmeread