ស្ថាបនិកនិងជានាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានជួបទៅមន្ត្រីឃោសនាជាន់ខ្ពស់របស់ប្រទេសចិនលោក Liu Yunshan ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃសៅរិ៍ ជាផ្នែកមួយនៃយុទ្ធសាស្ត្រទាក់ទាញនៅក្នុងទីផ្សារមួយក្នុងចំណោមទីផ្សារតិចតួចបំផុតដែលមិនអនុញ្ញាតមានបណ្ដាញសង្គមក្នុងប្រទេសរបស់ខ្លួន។
ការប្រជុំដ៏កម្រនេះតាមរបាយការណ៍រព័ត៌មានរបស់ Xinhua របស់ប្រទេសចិនបានឲ្យដឹងថាគឺជាការបង្ហាញពីទំនាក់ទំនងដ៏កក់ក្តៅរវាង Facebook និងរដ្ឋាភិបាលចិន បើទោះបីជារដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើនការត្រួតពិនិត្យ និងការគ្រប់គ្រងលើអ៊ីនធឺណេតក្ដី។
លោក Liu ដែលកាន់តំណែងខ្ពស់ក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍ការិយាល័យនយោបាយបក្សកុម្មុយនីស្ដចិន បានកោតសរសើរអំពីបច្ចេកវិជ្ជានិងវិធីសាស្ត្រគ្រប់គ្រងរបស់ Facebook នេះបើតាមឲ្យដឹងពីវេបសាយ Xinhua។
លោក Zuckerburg បាននៅក្នុងទីក្រុងប៉េកាំងសម្រាប់វេទិកាអភិវឌ្ឍន៍ប្រទេសចិន ជាសន្និសីទឧបត្ថម្ភដោយរដ្ឋាភិបាលដើម្បីនាំបណ្តានាយកប្រតិបត្តិអាជីវកម្មកំពូលៗនិងអ្នកកាន់អំណាចក្នុងប្រទេសនេះឱ្យរួមគ្នាជាធ្លុងមួយ។
លោក Liu បានប្រាប់លោក Zuckerberg ថា ប្រទេសចិន "សង្ឃឹមថា Facebook អាចពង្រឹងការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹងទៅវិញទៅមកជាមួយក្រុមហ៊ុនអ៊ីនធឺណេតរបស់ប្រទេសចិន"។
ក្នុងឆ្នាំនេះទីក្រុងប៉េកាំងបានចេញនូវច្បាប់សម្រាប់គ្រប់គ្រងអនឡាញ ដែលក្រុមវិភាគបាននិយាយថាអាចនឹងដាក់របាំងបន្ថែមទៀតដើម្បីទប់ស្កាត់ការបើកជំនួញអ៊ីនធឺណេតបរទេសនៅក្នុងប្រទេសចិន។
ហើយចំពោះអ្នកដែលផ្សព្វផ្សាយមាតិកានៅលើអនឡាញគួរតែ "លើកកម្ពស់ស្នូលនៃតម្លៃសង្គម" និងចែកចាយគំនិត សីលធម៌ និងចំណេះដឹងដែលលើកតម្កើននូវគុណភាពប្រទេសជាតិនិងផ្សព្វផ្សាយការអភិវឌ្ឍន៍សេដ្ឋកិច្ច។
កាលពីថ្ងៃសុក្រលោក Zuckerburg បានផុសនូវរូបមួយនៃខ្លួនគាត់ដែលកំពុងរត់ហាត់ប្រាណនៅទីលានធានអានមេនក្នុងទីក្រុងប៉េកាំង កាត់រូបបញ្ឈររបស់ប្រធានម៉ៅ សេទុង ដែលព្យួរទីលានធៀនអានមេនក្នុងក្រុងប៉េកាំង។
ស្ថាបនិកអាយុ៣១ឆ្នាំរូបនេះបានមានឈ្មោះល្បីល្បាញក្នុងប្រទេសចិន ជាទីផ្សារមួយដែល Facebook និងក្រុមហ៊ុនអ៊ីនណេតបរទេសផ្សេងទៀតដូចជា Google និង Twitter ពុំមានវត្តមានក្នុងប្រទេសគ្រប់គ្រងដ៏តឹងរ៉ឹងនេះទេ។
ហើយគាត់បានស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយនឹងអាជ្ញាធរចិនជាយូរមកហើយៗឥឡូវគាត់កំពុងកាន់តំណែងក្នុងក្រុមប្រឹក្សាផ្ដល់យោបល់នៃសាលាគ្រប់គ្រង និងសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tsinghua University ប្រទេសចិនផងដែរ៕
