ភ្ញាក់ផ្អើលខ្លាំង! បវរកញ្ញាមីយ៉ាន់ម៉ាទម្លាយឱ្យដឹងថានាងជាមនុស្សភេទទីបីអំឡុងពេលប្រឡងបវរកញ្ញាចក្រវាលនៅអាមេរិកសប្តាហ៍មុន

ស្របពេលដែលបវរកញ្ញាអាហ្វ្រិកខាងត្បូងយកមកុដបវរកញ្ញាចក្រវាលត្រឡប់ទៅស្រុកវិញកាលពីថ្ងៃអាទិត្យ បវរកញ្ញាមីយ៉ាន់ម៉ាបានទម្លាយរឿងផ្ទាល់ខ្លួនឱ្យគ្រប់គ្នាបានដឹង គឺ នាងជាមនុស្សភេទទីបីដំបូងគេបង្អស់ ដែលបានចូលរួមប្រឡងបវរកញ្ញាចក្រវាល។ 

នាង Swe Zin Htet អាយុ២១ ឆ្នាំបានប្រកាសជាសាធារណៈបែបនេះតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលឡើងឆាកនៅស្ទូឌី Tyler Perry Studios ក្នុងទីក្រុងអាត្លង់តា រដ្ឋចចចា កាលពីថ្ងៃទី៨ធ្នូ។ 

ឥឡូវនេះនាងបានប្រើប្រាស់វត្តមានរបស់នាងនៅក្នុងការប្រឡងបវរកញ្ញាចក្រវាលដើម្បីជួយដល់សហគមន៍ស្រឡាញ់ភេទដូចគ្នា ជាពិសេសនៅមាតុភូមិមីយ៉ាន់ម៉ារបស់នាង កន្លែងដែលការស្រឡាញ់ភេទដូចគ្នាគឺជាអំពើខុសច្បាប់។ 

នាង Swe Zin Htet ដែលឈ្នះមកុដបវរកញ្ញាមីយ៉ាន់ម៉ាកាលពីថ្ងៃទី៣១ឧសភា លាតត្រដាងថា នាងជាមនុស្សស្រីខ្ទើយនៅក្នុងបទសម្ភាសន៍ជាមួយវេបសាយ Missosology គឺមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលការប្រឡងបវរកញ្ញាចក្រវាលផ្តាច់ព្រ័ត្រចូលមកដល់។ 

នាង Swe Zin Htet និយាយថា "ខ្ញុំបានដឹងអំពីទំនោរផ្លូវភេទរបស់ខ្ញុំជាយូរមកហើយ។ ខ្ញុំបានដឹងថាខ្ញុំគឺស្ថិតក្នុងចំណោមពួកគេ (មនុស្សស្រឡាញ់ភេទដូចគ្នា) តាំងពីឆ្នាំ២០១៥"។ 

នាងបន្តថា ការប្រកាសជាសាធារណៈបែបនេះមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែនាងចង់ប្រើឱកាសឡើងឆាកបវរកញ្ញាចក្រវាលដើម្បីជួយដល់មនុស្សស្រឡាញ់ភេទដូចគ្នានៅមីយ៉ាន់ម៉ា។ 

នាងនិយាយថា "វាជាការប្រឈមខ្លាំងមែនទែនសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មន៍ថាខ្ញុំមានសំឡេងអស្ចារ្យជាងពួកគេនិងស្ថានភាពល្អជាងពួកគេដើម្បីលើកកម្ពស់បុព្វហេតុនេះ។ អ្នកគាំទ្របវរកញ្ញាខ្លះបានដឹងអំពីរឿងនេះ ហើយពួកគេនៅតែគាំទ្ររូបខ្ញុំ ប៉ុន្តែនេះជាលើកដំបូងដែលខ្ញុំអាចនិយាយអំពីរឿងនេះជាសាធារណៈ។ ខ្ញុំជឿថាគ្រប់ប្រទេសទាំងអស់មិនមែនសុទ្ធតែអនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ។ ខ្ញុំចង់ឱ្យពិភពលោកទទួលយកសហគមន៍ស្រឡាញ់ភេទដូចគ្នានិងសិទ្ធិរបស់ពួកគេក្នុងការជ្រើសរើសវិថីនិងស្វែងរកសុភមង្គលដោយខ្លួនឯង"៕ 


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16