រថយន្តបើកបុកជាមួយម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកត្រពាំងប្រាសាទ

ឧត្តរមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើកំណាត់ផ្លូវជាតិលេខ ២៦២៥ ត្រង់ចំណុច ខាងលិចសាលាអនុវិទ្យាល័យ ហ៊ុន សែនទួលតាសេក ចម្ងាយប្រហែល ១០០ម៉ែត្រ ស្ថិតក្នុង ភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បង្កឡើងរវាង រថយន្ត និងម៉ូតូ បើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៧ និង៣០នាទីយប់។

ប៉ូលិសនិយាយថា អ្នកបើកបររថយន្ត ឈ្មោះ សេង វណ្ណឌី ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត  ខេត្តបន្ទាយមានជ័យ រថយន្តម៉ាកហ្វ៊ត (Ford) ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 2BG 9900 (បើកបរពីកើតទៅលិច) ពុំមានរងរបួស។

ចំណែកអ្នកបើកបរម៉ូតូឈ្មោះ បូក នី ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិអូរំដេង ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពត 1C 2349 បើកបរពីលិចទៅកើតបណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ (ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ នើប សុខរ៉ា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិអូរក្រូច ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (រងរបួសធ្ងន់) គ្មានពាក់មួកសុវត្ថិភាព។ 

ក្រោយពេលកើតហេតុ កម្លាំងប៉ូលិសជំនាញចរាចរណ៍ បានចុះទៅពិនិត្យដល់ទីកន្លែងកើតហេតុ និងធ្វើការវាស់វែង។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋានស្រុកត្រពាំងប្រាសាទ ដើម្បីចាត់ការតាមនីតិវិធីបន្ត។

ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ចំណែកសពបានប្រគល់ទៅឱ្យក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕